សកលវិទ្យាល័យបច្ចេកទេសដ៏ធំបំផុតមួយរបស់រុស្ស៊ីគ្រោងចាប់ផ្ដើមសាងសង់នៅប្រទេសចិននាឆ្នាំនេះ

ដោយៈ សុខុម

ហុងកុង: សកលវិទ្យាល័យបច្ចេកទេសដ៏ធំ បំផុតមួយរបស់រុស្ស៊ី គ្រោងនឹងចាប់ផ្ដើមសាងសង់ វិទ្យាស្ថានសិក្សា១នៅចុងឆ្នាំ២០២​៣ នេះនៅលើកោះហៃណាន (Hainan) ដែលជាមូលដ្ឋានបាញ់បង្ហោះផ្កាយរណបទី៤ របស់ប្រទេសចិន។

គេហទំព័រព័ត៌មានចិន Thepaper.cn បានចុះផ្សាយថា ក្រោយការសាងសង់បញ្ចប់ជាស្ថាពរ វិទ្យាស្ថានវិស្វកម្មថាមពលក្រុងមូស្គូ (Moscow Power Engineering Institute (MPEI)) ថ្មីនៃសកលវិទ្យាល័យជាតិស្រាវជ្រាវ (National Research University) ខាងលើនេះនឹងមានឯកទេសខាង “បង្រៀន និងស្រាវជ្រាវផ្នែកអាកាសចរណ៍ និងអាកាសវេហា”។ នេះបើយោងតាមសារព័ត៌មាន South China Morning Post ចុះផ្សាយកាលពីថ្ងៃអង្គារ ទី៤ ខែមេសា។

គេហទំព័រដដែលឱ្យដឹងថា ដំណើរការសាងសង់វិទ្យាស្ថាននេះនឹងចាប់ផ្ដើមនៅខែកញ្ញា ខណៈសេចក្តីលម្អិតនៃគម្រោងនេះ ត្រូវបានបញ្ជាក់បន្ទាប់ពីដំណើរទស្សនកិច្ច របស់ប្រធានាធិបតីចិន លោក ស៊ី ជីនភីង ទៅកាន់ប្រទេសរុស្ស៊ី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តាមការរំពឹងទុក ការសាងសង់វិទ្យាស្ថាន នៅលើផ្ទៃដី៥៥ហិកតានក្នុងសង្កាត់មាត់ឆ្នេរវិនឆាង (Wenchang) ដែលជាមូលដ្ឋាននៃមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរំណប Wenchang Satellite Launch Centre នេះនឹងបញ្ចប់ជាស្ថាពរនៅខែមិថុនា ឆ្នាំ២០២៥ ហើយនឹងចាប់ផ្ដើមផ្ដល់វគ្គសិក្សាថ្នាក់បរិញ្ញាបត្រ និងក្រោយឧត្តមសិក្សាចាប់ពីខែកញ្ញា ឆ្នាំ២០២៥ តទៅ។

ដំណឹងអំពីគម្រោងនេះ លេចឡើង២សប្តាហ៍បន្ទាប់ពីលោក ស៊ី ជីនភីង បានបញ្ចប់ដំណើរទស្សនកិច្ច រយៈពេល៣ថ្ងៃទៅកាន់ទីក្រុងមូស្គូ ដែលលោក និងសមភាគីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន តាមរយៈសេចក្តីថ្លែងការណ៍រួមមួយ បានប្តេជ្ញាពង្រឹង “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” ឱ្យកាន់តែស៊ីជម្រៅ រួមទាំងទំនាក់ទំនងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការអប់ផងដែរ។

ទោះជាយ៉ាងណា គ្មានការបញ្ជាក់ទេថា តើនឹងត្រូវចំណាយអស់ប៉ុន្មានលានដុល្លារ សម្រាប់ការសាងសង់វិទ្យាស្ថាននេះ៕ South China Morning Post៕

LEAVE A REPLY

Please enter your comment!
Please enter your name here