ព្រំដែនរបស់បក្សសម្ព័ន្ធNATO ជាមួយរុស្ស៊ីកើនឡើងទ្វេរដងនៅពេលហ្វាំងឡើង់ចូលជាសមាជិកទី៣១

ដោយៈ សុខុម

អន្តរជាតិ: ប្រទេសហ្វាំងឡង់ បានក្លាយជាសមាជិកទី៣១ នៃអង្គ​ការបក្សសម្ព័ន្ធNATO ជាផ្លូវការដែលធ្វើឱ្យប្រវែងព្រំដែននៃបណ្ដាប្រទេសជាសមាជិករបស់ NATO ជាមួយរុស្ស៊ី កើនឡើងទ្វេរដង។

រដ្ឋមន្ត្រីការបរទេសហ្វាំងឡង់ បានប្រគល់ឯកសារសុំចូលជាសមាជិក ជូនរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ដែលបានប្រកាសឈ្មោះប្រទេសហ្វាំងឡង់ ជាសមាជិក បន្ទាប់មកទង់ជាតិពណ៌ស និងខៀវរបស់ប្រទេសហ្វាំងឡើង ក៏ត្រូវបានបង្ហូតឡើងនៅជិតទង់ជាតិ នៃប្រទេសជាសមាជិក៣០ផ្សេងទៀត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការចូលជាសមាជិករបស់ហ្វាំងឡង់ ក្នុងអង្គការបក្សសម្ព័ន្ធយោ​ធាNATO បង្ហាញឱ្យឃើញថា វាជាជំហានដើរថយក្រោយ សម្រាប់លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី។

លោក ពូទីន បានព្រមានម្ដងហើយម្ដងទៀត ប្រឆាំងនឹងការពង្រី​កខ្លួនរបស់អង្គការសម្ព័ន្ធយោធា NATO មុនពេលលោកបញ្ជាទ័ពឱ្យចូលឈ្លានពាន ចូលប្រទេសអ៊ុយក្រែនពេញទំហឹង។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken លើកឡើងថា ដោយសារបញ្ឆេះសង្គ្រាមចូលឈ្លានពាន ប្រទេសជិតខាងរបស់ខ្លួន មេដឹកនាំរុស្ស៊ី រូបនេះបានធ្វើឱ្យហ្វាំងឡង់ មានឱកាសចូលជាសមាជិក NATO បានសម្រេច ជាលទ្ធផលដែលលោក ពូទីន មិនចង់ឃើញ និងបានព្យាយាមទប់ស្កាត់រហូតមក។

អ្នកនាំពាក្យវិមានក្រឹមឡាំង (រុស្ស៊ី) លោកDmitry Peskov ព្រមានថា ប្រទេសរុស្ស៊ី នឹង “ឃ្លាំមើលយ៉ាងយកចិត្តទុកដាក់បំផុត” នូវអ្វីដែលកើតឡើង នៅក្នុងប្រទេសហ្វាំងឡង់ ដោយចាត់ទុកការពង្រី​កខ្លួនរបស់អង្គការ NATO ថាជា “ការរំលោភបំពានសន្តិសុខ និងផលប្រយោជន៍ជាតិរបស់រុស្ស៊ី”។

ប្រទេសហ្វាំងឡង់ មានព្រំដែនភាគខាងកើត ប្រវែង១.៣៤០គីឡូម៉ែត្រជាប់ជាមួយប្រទេសរុស្ស៊ី ហើយបន្ទាប់ពីសង្រ្គាមនៅអ៊ុយក្រែន ចាប់ផ្តើមផ្ទុះឡើង ប្រទេសហ្វាំងឡង់ ក៏បានជ្រើសយកការការពារតាមមាត្រា៥ របស់អង្គការNATO ដែលចែងថា ការវាយប្រ​ហារលើប្រទេសជាសមាជិកណាមួយ គឺស្មើនឹងការវាយប្រហារលើសមាជិកទាំងអស់របស់ NATO។

នេះមានន័យថា ប្រសិនបើហ្វាំងឡង់ ត្រូវបានឈ្លានពាន ឬ វាយប្រហារ សមាជិក NATO ទាំងអស់រួមទាំងសហរដ្ឋអាមេរិក នឹងចេញមុខការពារ៕ BBC៕

LEAVE A REPLY

Please enter your comment!
Please enter your name here