រដ្ឋមន្រ្តីកសិកម្មជម្រុញអាជ្ញាធរមូលដ្ឋានវាយតម្លៃការងារច្បាស់លាស់ ដើម្បីជម្រុញការអភិវឌ្ឍន៍សេដ្ឋកិច្ច

        ដោយៈនិស្ស័យ
ភ្នំពេញៈ
រដ្ឋមន្រ្តីក្រសួងកសិក​ម្ម រុក្ខាប្រមាញ់ និងនេសាទ លោកឌិត ទីណា ចូលរួមប្រជុំត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោ​បាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។

នៅក្នុងពិធីបើកកិច្ចប្រជុំកាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ លោកឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានចូលរួមប្រជុំត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នៅសាលប្រជុំសាលាស្រុកជើងព្រៃ ខេត្តកំពង់ចាម។

ក្នុងកិច្ចប្រជុំត្រួតពិនិត្យនេះ លោករដ្ឋមន្ត្រី បានណែនាំដល់អាជ្ញាធរមូលដ្ឋានត្រូវយល់ឱ្យបានច្បាស់ រវាងការចុះមូលដ្ឋានបក្ស និងការងារចុះមូលដ្ឋានរដ្ឋាភិបាល។

សម្រាប់ការងាររដ្ឋាភិបាល មេឃុំត្រូវចុះជួប ក្នុងការងារមូលដ្ឋានវិស័យកសិកម្ម និងត្រួតពិនិត្យមើលនូវគោលនយោបាយណាដែលឃុំមិនទាន់បានធ្វើ និងត្រូវត្រៀមដំណោះស្រាយសមស្រប ជាក់ស្តែង ជាពិសេសសំណូមពរពលរដ្ឋ។ ការងារនេះ គឺត្រូវជំរុញ និងធ្វើយ៉ាងណាឱ្យសេដ្ឋកិច្ច ប្រជាពលរដ្ឋមានភាពរីកចម្រើន ព្រមទាំងជួយដល់វិស័យកសិកម្ម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកឌិត ទីណាបានបន្តថា លើសពីនេះទៀត មេភូមិ មេឃុំ ត្រូវចេះរាយការណ៍ ពីការអនុវត្តគោលនយោបាយកសិកម្ម និងបញ្ហាប្រ​ឈមដែលកើតមានឡើង ដើម្បីក្រសួងបានដឹង និងដោះស្រាយបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

បើតាមលោករដ្ឋមន្ត្រី អាជ្ញាធរមូលដ្ឋានត្រូវពិនិត្យគោលនយោ​បាយដែលមានស្រាប់ ហើយមិនទាន់ធ្វើ និងត្រូវធ្វើវាឱ្យមានប្រសិទ្ធភាព ដោយត្រូវរួមគ្នាធ្វើការជំរុញវិស័យកសិកម្ម ឱ្យមានការអភិវឌ្ឍមា​នភាពប្រសើរឡើងគ្រប់រដូវ ដោយត្រូវពិនិត្យវាយតម្លៃ ឱ្យបានច្បាស់​លាស់គ្រប់ជ្រុងជ្រោយ ដើម្បីជួយដោះស្រាយ ដល់ប្រជាពលរដ្ឋឱ្យមានជីវភាពប្រសើរ និងមាននិរន្តរភាពសេដ្ឋកិច្ច។

មួយវិញទៀត មន្ត្រីកិច្ចសន្យាភូមិ ឃុំ ត្រូវរាយការណ៍អ្វីដែលត្រូវដោះស្រាយបន្ទាន់ និងត្រូវដោះស្រាយជាក់ស្តែង ហើយសហគមន៍ណាដែលមិនមានប្រសិទ្ធភាព ត្រូវរំលាយចោល ជំនួសដោយការបង្កើតសហគមន៍ថ្មីប្រកបដោយភាពច្បាស់លាស់ និងប្រសិទ្ធភាពពិតប្រាកដ។ ការកសាងជីវភាពប្រជាជន​ គឺកើតចេញពីការកសាងមនុស្សល្អៗក្នុងសង្គម​ឱ្យបានចម្រើន​ ហើយមនុស្សខូចត្រូវកែខ្លួនទៅជាមនុស្សល្អ​ ទើបមានការកែប្រែជីវភាព​ល្អប្រសើ​ ហើយការងារនេះក៏ជាយុទ្ធសាស្រ្តក្នុងគោលនយោបាយថ្មី​ផងដែរ​។

បន្ទាប់ពីកិច្ចប្រជុំពិនិត្យ លើការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល លោករដ្ឋមន្ត្រី ក៏បានចុះស្វែងយល់ និងសិក្សាបន្ថែមអំពីប្រឡាយទឹកក្នុងមូលដ្ឋាននៃស្រុកជើងព្រៃផងដែរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here