សហគមន៍កសិកម្មមួយរកចំណូលបានជាង២,៦លានដុល្លារ អាមេរិកក្នុងរយៈពេល៣ឆ្នាំ

ដោយៈ ម៉ាលីនណា

ភ្នំពេញៈ តាមផែនការ សហគមន៍កសិកម្មភ្នំពេជ្របុរី គ្រោងអនុវត្តផែនការអាជីវកម្មរបស់ខ្លួនរយៈពេល៣ឆ្នាំ (២០២៣-២០២៥) ដើម្បីកែលម្អខ្សែច្រវ៉ាក់ផលិតកម្ម និងពង្រីកទំហំផលិតកម្មដំឡូងមី សរីរាង្គស្រស់ ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ បរិមាណ៨៤៩៨តោនក្នុងមួយឆ្នាំ។

សហគមន៍នេះគ្រោងផលិតដំឡូងមី សរីរាង្គឲ្យសម្រេចបានបរិមាណ២៦ ៨៧២តោនក្នុងរយៈពេល៣ឆ្នាំ និងផលិតកម្មដំឡូងមីស្ងួតនូវបរិមាណ៣៨០៧តោន/ឆ្នាំ ឬ១២ ៩២១តោនរយៈពេល៣ឆ្នាំ ដែលអាចបង្កើនប្រាក់ចំណូល ជាមធ្យមចំនួន៧៨៩,៩៥២ ដុល្លារអាមេរិកក្នុង១ឆ្នាំ ឬជាង២.៦លានដុល្លារអាមេរិក ក្នុងរយៈពេល៣ឆ្នាំ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សហគមន៍កសិកម្មភ្នំពេជ្របុរី នៅខេត្តព្រះវិហារ ទើបបានចុះហត្ថលេខាទទួលហិរញ្ញប្បទាន ឥតសំណង៤០ភាគរយ ផ្តល់ដោយគម្រោងពិពិធកម្មកសិកម្មកម្ពុជា។

លោក ហុក គឹមធួន អនុប្រធាននាយកដ្ឋានផែនការ និងស្ថិតិនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) និងលោក ស្រ៊ុន បូរិន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ លោក ឆែម អួត ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍ កសិកម្មភ្នំពេជ្របុរី និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចូលរួមធ្វើជាសាក្សី ក្នុងពិធីចុះហត្ថលេខានាឱកាសនោះ។

ពិធីចុះហត្ថលេខាខាងលើ បានរៀបចំឡើងនៅសហគមន៍កសិ​កម្មលើកកម្ពស់កសិករខេត្តព្រះវិហារ។

លោក ឆែម អួត តំណាងសហគមន៍កសិកម្មភ្នំពេជ្របុរី បានឱ្យដឹងថា កិច្ចព្រមព្រៀងនៅថ្ងៃនេះ អាចជួយដោះស្រាយបញ្ហាមួយចំនួន ដែលសហគមន៍កំពុងជួបប្រទះ ដូចជា ខ្វះឃ្លាំងស្តុកដំឡូងមីស្ងួត ផ្លូវដឹកជញ្ជូនផលកសិកម្ម ការបណ្តុះបណ្តាលបច្ចេកទេសកសិកម្ម ទុនបង្វិលទិញសម្រាប់លក់ដំឡូងមី ជួយធានាតំលៃទីផ្សារដំឡូងមី៕

LEAVE A REPLY

Please enter your comment!
Please enter your name here