សមាគមចំនួន៣រៀបចំកម្មវិធីលទ្ឋភាពទទួលបានហិរញ្ញប្បទាន

ដោយៈ និស្ស័យ

        ភ្នំពេញៈ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានសហការជាមួយ សមាគមសហគ្រិនវ័យក្មេងកម្ពុជា និងសមាគមធនាគារនៅកម្ពុជា រៀបចំកម្មវិធី លទ្ធភាពទទួលបានហិរញ្ញប្បទាន ការត្រៀមសម្រាប់ហិរញ្ញប្បទានបំណុល។

ថ្លែងក្នុងកម្មវិធីបើក លោកជំទាវ ឌិត នីតា អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានលើកឡើងកាលពីចុងសប្តាហ៍មុនថា សហគ្រិនភាព និងវិស័យហិរញ្ញវត្ថុ បាននិងកំពុងដើរតួនាទី យ៉ាងសំខាន់ ក្នុងការចូលរួមអភិវឌ្ឍកំណើនសេដ្ឋកិច្ចជាតិ និងសង្គម តាមរយៈការបង្កើតការងារក្នុងស្រុក កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកជំទាវបន្តថា ជាក់ស្តែងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានសហការយ៉ាងជិតស្និទ្ធ ជាមួយសមាជិករបស់ខ្លួន ដៃគូរពាក់ព័ន្ធ ជាពិសេសរាជរដ្ឋាភិបាល បង្កើតនូវគំនិតផ្តួចផ្តើមសំខាន់ៗ ដើម្បីទ្រទ្រង់ដល់វិស័យសហគ្រិន ដើម្បីចូលរួមអភិវឌ្ឍ និងពង្រឹងសហគ្រិនភាពនៅកម្ពុជា ជាពិសេសហគ្រាសធុនតូចនិងមធ្យម តាមរយៈការផ្តល់ហិរញ្ញប្បទាន និងការបញ្រ្ជាបចំណេះដឹងហិរញ្ញវត្ថុ។

កម្មវិធីលទ្ធភាពទទួលបានហិរញ្ញប្បទាន មានគោលបំណងធ្វើឱ្យប្រសើរឡើងនូវលទ្ធភាព ទទួលបានហិរញ្ញប្បទាន សម្រាប់សហគ្រាសធុនតូច និងមធ្យម ដែលកំណត់គោលដៅ៥០ភាគរយជាសហគ្រិនស្ត្រី ដើម្បីទទួលបានហិរញ្ញប្បទាន ពីស្ថាប័នហិរញ្ញវត្ថុចូលរួម និងការកសាងសមត្ថភាព រួមមានការផ្តល់វគ្គបណ្តុះបណ្តាលអំពីការគ្រប់​គ្រងសាច់ប្រាក់ ទុនបង្វិល ការអភិវឌ្ឍផែនការអាជីវកម្ម ពិសេសការស្វែងយល់អំពីរបាយការណ៍ហិរញ្ញវត្ថុ របស់សហគ្រាសមីក្រូ ធុនតូច និងមធ្យម។

កម្មវិធីនេះទទួលបានការអញ្ជើញចូលរួម ជាអធិបតីពីសំណាក់ លោករត្ន័ សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យធនាគារជាតិនៃកម្ពុជា អមដោយ នាយកប្រតិបត្តិសហគ្រិនខ្មែរ ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា ប្រធានសមាគធនាគារនៅកម្ពុជា អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងមានការចូលរួមពីតំណាងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ សហគ្រិនស្រ្តី និងម្ចាស់អាជីវកម្មជាង២០០រូប៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here