ដោយៈ ម៉ាលីនណា
ភ្នំពេញៈ ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា សាធារណរដ្ឋកូរ៉េ បានក្លាយជាដៃគូពាណិជ្ជកម្ម ធំជាងគេទី១៤ របស់កម្ពុជា នៅក្នុងឆ្នាំ២០២២។
ព្រឹត្តិបត្រពាណិជ្ជកម្មរបស់វិទ្យាស្ថាន បណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ (TTRI) នៃក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា នៅក្នុងឆ្នាំ២០២២ ទំហំពាណិជ្ជកម្មទ្វេភាគី សរុបរបស់ប្រទេសទាំងពីរ សម្រេចបាន៧៧៩លានដុល្លារ កើនឡើង០,៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ដែលមានទឹកប្រាក់ ៧៧៤ លានដុល្លារ។
នៅក្នុងនោះឆ្នាំ២០២២ កម្ពុជា នាំចេញទៅកូរ៉េ សម្រេចបាន ២៣៤លានដុល្លារ កើនឡើងជាង២០ភាគរយ ធៀបឆ្នាំ២០២១ មានទឹកប្រាក់១៩៤លានដុល្លារ ខណៈកម្ពុជានាំចូលពីកូរ៉េមកវិញ មានទំហំទឹកប្រាក់៥៤៥លានដុល្លារ ថយចុះ៦ភាគរយ ធៀបឆ្នាំ២០២១ មានទឹកប្រាក់៥៨០លានដុល្លារ។
សម្រាប់ទីផ្សារកូរ៉េ កម្ពុជាទទួលបានអត្រាពន្ធអនុគ្រោះសម្រាប់ការនាំចេញទៅកាន់កូរ៉េ ក្រោមក្របខ័ណ្ឌចំនួន ៣រួមមាន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA) កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់( RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន និងកូរ៉េ (AKFTA)។
ជាមួយគ្នានេះដែរ ផលិតផលរបស់កម្ពុជា នាំចេញទៅកូរ៉េ ស្បែកជើង ស្រោមជើង និងវត្ថុប្រហាក់ប្រហែល ៥៤ លានដុល្លារ សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ ធ្វើពីក្រណាត់ចាក់៥២លានដុល្លារម៉ាស៊ីននិងឧបករណ៍អគ្គិសនី៤៥លានដុល្លារ សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ មិនមែនធ្វើពីក្រណាត់ចាក់៣៥លានដុល្លារ និងអាលុយមីញ៉ូម៕