កម្ពុជាកំពុងដោះស្រាយកង្វះជំនាញក្នុងស្រុកដើម្បីឈានឆ្ពោះទៅក្លាយជាប្រទេសមានចំណូលល្អប្រសើរនាពេលខាងមុខ

ដោយ: គង់ លាងហួរ
ភ្នំពេញ: កម្ពុជាកំពុងឈានជើងឆ្ពោះទៅក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ ប៉ុន្តែកង្វះជំនាញនៅតែជាឧបសគ្គដ៏ចម្បងមួយក្នុងការសម្រេចបាននូវគោលដៅទាំងនេះ។

យោងតាមការរកឃើញរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)បានឱ្យដឹងថា ចំណែកនៃប្រជាជនកម្ពុជាដែលចូលរួមក្នុងការងារបច្ចេកទេសកម្រិតមធ្យម និងខ្ពស់ជាងនេះ មានត្រឹមតែ១០,៧ភាគរយប៉ុណ្ណោះនៃកម្លាំងពលកម្មសរុបនៅក្នុងប្រទេស។

តួលេខនេះបង្ហាញពីភាពមិនអាចរកបានគ្រប់គ្រាន់នៃអ្នកក្នុងស្រុក ដែលមានជំនាញសមរម្យសម្រាប់ការងារបែបនេះ ហើយឧស្សាហកម្ម និងវិស័យសេវាកម្មជាច្រើននៅក្នុងប្រទេសកម្ពុជាកំពុងពឹងផ្អែកលើអ្នកជំនាញបរទេសដើម្បីបំពេញមុខតំណែងទាំងនោះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមរបាយការណ៍របស់ ADB ចេញផ្សាយកាលពីឆ្នាំមុន បានឱ្យដឹងថា ខណៈកម្ពុជាសម្រេចបាននូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងវិស័យអប់រំ ប៉ុន្តែកម្ពុជាប្រឈមនឹងគម្លាតជំនាញកាន់តែអាក្រក់ទៅៗ ដោយសារជំនាញដែលបង្រៀនដោយគ្រឹះស្ថានអប់រំបច្ចេកទេសវិជ្ជាជីវៈ និងបណ្តុះបណ្តាលមិនមានទំនាក់ទំនងគ្រប់គ្រាន់ទៅនឹងតម្រូវការដោយឧស្សាហកម្ម។

រដ្ឋាភិបាលបានដឹងយ៉ាងច្បាស់អំពីតម្រូវការក្នុងការដោះស្រាយរឿងនេះ ហើយបច្ចុប្បន្ន កម្ពុជាកំពុងស្ថិតក្នុងដំណើរការដោះស្រាយបញ្ហានេះ ដោយមានកិច្ចសហប្រតិបត្តិការពីវិស័យសាធារណៈ និងឯកជន។

កាលពីពេលថ្មីៗនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជាបានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងដ៏ធំមួយ ដើម្បីបង្កើនជំនាញ ឬបង្កើនសមត្ថភាពយុវជនចំនួន១,៥លាននាក់ផងដែរ។

យោងតាមឯកសារគោលគំនិតរបស់ ADB បានបង្ហាញថា ប្រទេសកម្ពុជាមានប្រជាជនចំនួន១៦,៧លាននាក់ ហើយ៦៥ភាគរយនៃពួកគេមានអាយុតិចជាង៣០ឆ្នាំ។ មនុស្សប្រមាណ៩,៣លាននាក់កំពុងធ្វើសកម្មភាពនៅក្នុងទីផ្សារការងារ ហើយស្ត្រីមានចំនួន៤៩ភាគរយនៃកម្លាំងពលកម្មសរុបដែលមានអាយុចន្លោះពី១៥ទៅ៦៤ឆ្នាំ ប៉ុន្តែ​អត្រា​បញ្ចប់​ការសិក្សាក្នុង​ប្រទេស​កម្ពុជានៅ​មាន​កម្រិត​ទាប។

តម្លៃផលិតភាពការងារក្នុងប្រទេសកម្ពុជាគិតជា៣,៦ដុល្លារក្នុង១ម៉ោង ដែលធ្វើការពោលគឺនៅតែទាបជាងបណ្តាប្រទេសមួយចំនួនទៀតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដូចជាវៀតណាមចំនួន៧,៣ដុល្លារ និងឥណ្ឌូនេស៊ីចំនួន១៣,១ដុល្លារ។  ផលិតភាព​ទាប​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​យ៉ាង​ទូលំទូលាយ​ថា​ បណ្តាលមកពីភាពគ្មាន​ការ​អប់រំ​ជំនាញ​គ្រប់គ្រាន់។

ប៉ុន្តែភាគលាភប្រជាសាស្រ្តនៃការមានប្រជាជនវ័យក្មេងបង្ហាញពីឱកាសមិនគួរឱ្យជឿសម្រាប់កម្ពុជាក្នុងការបង្កើនជំនាញរបស់អ្នកថ្មីចូលទៅក្នុងទីផ្សារការងារ និងធ្វើឱ្យប្រសើរឡើងនូវជំនាញនៃកម្លាំងពលកម្មដែលមានស្រាប់ឱ្យត្រូវនឹងតម្រូវការឧស្សាហកម្មនាពេលអនាគត៕

LEAVE A REPLY

Please enter your comment!
Please enter your name here