ធនាគារពិភពលោកជួយរៀបចំពន្លឿនការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យនៅកម្ពុជា

ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការ និងធនាគារពិភ ពលោក បានកិច្ចប្រជុំចាប់ផ្តើមនៃបេសកកម្មរៀបចំគម្រោង លើកទី០២ នៃគម្រោងពន្លឿនការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ដែលនឹងទទួលបានហិរញ្ញប្បទានឥណទាន របស់ធនាគារពិភពលោក (World Bank)។

កិច្ចប្រជុំកាលពីដើមសប្តាហ៍នេះ ដឹកនាំដោយ លោកសំរ៉ង ឌីណាម៉ូ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ប្រធានដឹកនាំក្រុមការងារ នៃអង្គភាពគ្រប់គ្រងសមាសភាគគម្រោង-២ (Component Management Unit-2) បានអញ្ជើញដឹកនាំកិច្ចប្រជុំ ចាប់ផ្តើម នៃបេសកកម្មរៀបចំគម្រោងលើកទី២ នៃគម្រោងពន្លឿនការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ដែលនឹងទទួលបានហិរញ្ញប្បទានឥណទានរបស់ធនាគារពិភពលោក (World Bank)។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស្រី Marie Krumova Chapuis សហប្រធានក្រុមការងារ និងសហការីធនាគារពិភពលោកប្រចាំកម្ពុជា សមាជិកសមា​ជិកាក្រុមការងារអង្គភាពគ្រប់គ្រងសមាសភាគ គម្រោងទាំងពីរ និងភាគីពាក់ព័ន្ធ នៅទីស្នាក់ការធនាគារពិភពលោកប្រចាំកម្ពុជា និងតាមប្រព័ន្ធវីដេអូពីចម្ងាយបានចូលរួមផងដែរ។

កិច្ចប្រជុំនេះបានប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី២០ ខែមីនា ដល់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ ផ្ដោតជាសំខាន់លើរបៀបវារៈមួយ ចំនួនរួមមាន៖ ១) ពិភាក្សាពីវឌ្ឍនភាព នៃការរៀបចំគម្រោង និងបន្ទាត់ពេលវេលា ផ្អែកតាមសកម្មភាពការងារ ដែលបានព្រមព្រៀងកាលពីបេសកកម្មមុន ២) ពិភាក្សាសម្រេចលើទំហំការងារ និងទំហំវិនិយោគ ៣) រៀបចំការប្រឹក្សាយោបល់ជាមួយភាគីពាក់ព័ន្ធ លើទំហំការងាររួមមាន៖ ដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធនានា ធនាគារ និងអ្នកផ្តល់សេវាទឹកស្អាតសាធារណៈ។

ថ្លែងទៅកាន់អង្គប្រជុំនាឱកាសនោះ លោកសំរ៉ង ឌីណាម៉ូអនុរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់ធនាគារពិភពលោក ដែលជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់មួយ ក្នុងការចូលរួមចំណែកអភិវឌ្ឍលើវិស័យសំខាន់ៗក្នុងប្រទេសកម្ពុជា ជាពិសេសវិស័យអនាម័យ និងទឹកស្អាត។

គម្រោងនេះផ្តោតជាសំខាន់ លើការអភិវឌ្ឍវិស័យទឹកស្អាត និងអនាម័យ ក្នុងខេត្តគោលដៅអាទិភាពមួយចំនួន ដើម្បីធានាសុខុមាលភាពប្រជាពលរដ្ឋ និងលើកកម្ពស់ជីវភាពរស់នៅ របស់ពួកគាត់ឱ្យមានការរីកចម្រើនថែមមួយកម្រិតទៀត តាមរយៈការសាងសង់បណ្តាញទឹកស្អាត និងទឹកកខ្វក់ នៅតាមបណ្តារាជធានី-ខេត្ត សំខាន់ៗ និងការអភិវឌ្ឍស្ថាប័ន និងសមត្ថភាពប្រតិបត្តិករទាំងវិស័យទឹកស្អាត និងអនាម័យផងដែរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here