សមាគមន៍គ្រាប់ស្វាយចន្ទីកម្ពុជាជំរុញឱ្យរដ្ឋាភិបាលអនុវត្តន៍គោលនយោបាយគ្រាប់ស្វាយចន្ទីឱ្យបានឆាប់រហ័ស

ដោយ: គង់ លាងហួរ

ភ្នំពេញ: សមាគមន៍គ្រាប់ស្វាយចន្ទីកម្ពុជា (CAC) បានស្នើសុំឱ្យរដ្ឋាភិបាលអនុវត្តន៍ ឱ្យបានឆាប់នៃគោលនយោបាយជាតិ គ្រាប់ស្វាយចន្ទី ដើម្បីទប់ស្កាត់ការធ្លាក់ចុះនៃដំណាំស្វាយចន្ទី នៅក្នុងប្រទេស។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា (CAC) បានមានប្រសាសន៍ថា “រដ្ឋត្រូវតែប្រញាប់អនុវត្តន៍ គោលនយោបាយនេះ ដោយសារសមាគមព្រួយបារម្ភថា កសិករនឹងបន្តកាប់ចម្ការស្វាយចន្ទីដើម្បីដាំដំឡូងមី”។

លោកបានបន្តថា កាលពីឆ្នាំ២០២២ កសិករកម្ពុជាបានកាត់បន្ថយចំការស្វាយចន្ទី លើផ្ទៃដីប្រហែល១០.០០០ហិកតា ដោយកាត់បន្ថយផ្ទៃដី ដែលកំពុងដាំដុះពី៨០.០០០ហិកតា ទៅត្រឹម៧០.០០០ហិកតា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

រដ្ឋាភិបាលកម្ពុជាបានកំណត់យកគ្រាប់ស្វាយចន្ទី ជាដំណាំកសិឧស្សាហកម្ម និងជាដំណាំអាទិភាពមួយ ក្នុងចំណោមដំណាំទាំង១២ ហើយរដ្ឋាភិបាលបាន និងកំពុងចាត់វិធានការជាច្រើន ដើម្បីបង្កើនទិន្នផល ការប្រកួតប្រជែង និងតម្លៃបន្ថែមលើទំនិញ។

សេចក្តីព្រាងគោលនយោបាយជាតិ គ្រាប់ស្វាយចន្ទី ដែលត្រូវបានអនុម័តក្នុងខែមករា មានគោលបំណងលើកកម្ពស់ផលិតភាព និងគុណភាព លើកកម្ពស់ឧស្សាហូបនីយកម្ម ដើម្បីបង្កើនតម្លៃបន្ថែម កែច្នៃ២៥ភាគរយនៃគ្រាប់ស្វាយចន្ទី ក្នុងស្រុកនៅឆ្នាំ២០២៧ និង៥០ភាគរយនៅឆ្នាំ២០៣២ និងជំរុញការនាំចេញ តាមរយៈការធ្វើពិពិធកម្មទីផ្សារ។

សម្តេចតេជោនាយករដ្ឋមន្ត្រីធ្លាប់បានមានប្រសាសន៍ថា កម្ពុជានឹងក្លាយ ជាប្រទេសផលិតគ្រាប់ស្វាយចន្ទីធំជាងគេបំផុត នៅលើពិភពលោក ដោយវ៉ាដាច់ប្រទេសកូតឌីវ័រ ហើយកម្ពុជា​ផលិត​គ្រាប់​ស្វាយចន្ទី​ បាន​រហូត​ដល់១.១៨០.០០០តោន នៅ​លើ​ផ្ទៃដី​សរុប​ប្រមាណ៧០០.០០០ហិកតា​នៅ​ទូទាំង​ប្រទេស។

ដោយចាត់ទុកដំឡូងមី ជាដំណាំលូតលាស់លឿន ប៉ុន្តែមិនមាននិរន្តរភាព ប្រធានសមាគមន៍CAC បានមានប្រសាសន៍ថា “ស្វាយចន្ទីជាដំណាំធំ ប្រើប្រាស់បានយូរ ដែលអាចជួយស្រូបយកកាបូនឌីអុកស៊ីតពីបរិយាកាស និងកាត់បន្ថយការបំភាយកាបូន នៅក្នុងបរិស្ថាន ដូចព្រៃឈើធម្មជាតិ”។

ដោយលើកឡើងថា គ្រាប់ស្វាយចន្ទីជាដំណាំឧស្សាហកម្មរយៈពេលវែង លោកអួន ស៊ីឡុត បានអះអាងថា “ស្វាយចន្ទីជាដំណាំគម្របដីដែលខូចគុណភាព មិនរើសដី ងាយស្រួលដាំដុះ និងធន់នឹងភាពងាយរងគ្រោះអាកាសធាតុជាច្រើន”៕

LEAVE A REPLY

Please enter your comment!
Please enter your name here