វិស័យឧស្សាហកម្មធនាគារនៅកម្ពុជាបន្តបង្ហាញពីភាពរឹងមាំ និងភាពធន់នៅឆ្នាំ២០២៣នេះ

ដោយ: គង់ លាងហួរ
ភ្នំពេញ: ប្រាក់​បញ្ញើ​ក្នុង​វិស័យ​ធនាគារ​របស់​កម្ពុជា​បាន​កើន​ឡើង​ដល់៤២,៧ពាន់​លាន​ដុល្លារ​គិត​ត្រឹម​ខែ​មករា​ឆ្នាំ​២០២៣នេះ ខណៈ​ប្រាក់កម្ចី​ប្រាក់កម្ចីឆ្នើម (Outstanding loans)របស់​ធនាគារ​មាន​ជាង៥៥ពាន់​លាន​ដុល្លារ។ នេះ​បើ​តាម​របាយការណ៍​ពី​ធនាគារជាតិ​នៃ​កម្ពុជា (NBC)។

បណ្តាគ្រឹះស្ថានធនាគារនានាបានទទួលប្រាក់បញ្ញើប្រមាណ៤២,៧ពាន់លានដុល្លារ ដែលកើនឡើងពី៣៧ពាន់លានដុល្លារកាលពីខែតុលាឆ្នាំ២០២២។
ប្រាក់កម្ចីនេះត្រូវបានបែងចែកទៅឱ្យវិស័យសំខាន់ៗដូចជា ពាណិជ្ជកម្ម លំនៅដ្ឋាន សំណង់ កសិកម្ម សណ្ឋាគារ ភោជនីយដ្ឋាន និងផលិតកម្មជាដើម។

លោក រ័ត្ន សុវណ្ណនរៈ នាយកផ្នែកគ្រប់គ្រងរបស់ធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា “វិស័យធនាគារបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ហើយការត្រួតពិនិត្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅតែជាការងារអាទិភាពដែលត្រូវអនុវត្តស្របតាមស្តង់ដារថ្មីនៃសវនកម្មផ្អែកលើហានិភ័យ និងអនាគត”។

លោកបានថ្លែងក្នុងពិធីសម្ពោធសាខារបស់ធនាគារ Wing Bank Orkide កាលពីពេលថ្មីៗនេះថា “បច្ចុប្បន្ននេះ ប្រព័ន្ធធនាគារមានសុខភាពល្អ ជាមួយនឹងដើមទុនរឹងមាំ សាច់ប្រាក់ងាយស្រួលគ្រប់គ្រាន់ និងប្រាក់កម្ចីមិនដំណើរការទាប”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានមានប្រសាសន៍ថា “រដ្ឋាភិបាលបានដាក់ចេញនូវចក្ខុវិស័យច្បាស់លាស់ និងយុទ្ធសាស្ត្រតម្រង់ទិសអភិវឌ្ឍន៍សម្រាប់វិស័យធនាគារ ដើម្បីបង្កើតឱកាសថ្មីសម្រាប់ការអភិវឌ្ឍសេវាហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព”។

លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិបានមានប្រសាសន៍ថា “កំណើនទាំងប្រាក់កម្ចី និងប្រាក់បញ្ញើពិតជាឆ្លុះបញ្ចាំងពីទំនុកចិត្តសាធារណៈចំពោះប្រព័ន្ធធនាគាររបស់ប្រទេសកម្ពុជា”។

លោក ជា ចាន់តូ បានបញ្ជាក់ថា “ឧស្សាហកម្មធនាគារនៅតែរឹងមាំ និងមានភាពធន់ ហើយវាបានបន្តដើរតួនាទីយ៉ាងសកម្មក្នុងការជួយដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់កម្ពុជាក្រោយវិបត្តិកូវីដ-១៩”។

ទន្ទឹមនឹងនេះ លោកបានបន្ថែមថា ប្រទេសកម្ពុជាបានកត់ត្រាគណនី e-wallet ចំនួន១៧,៩លានគណនីគិតត្រឹមឆ្នាំ២០២២ ដែលលើសពីចំនួនប្រជាជនរបស់កម្ពុជាចំនួន១៦លាននាក់។

ធនាគារជាតិនៃកម្ពុជាបានបន្ថែមថា បច្ចុប្បន្ននេះ កម្ពុជាមានធនាគារពាណិជ្ជចំនួន៥៨ ធនាគារឯកទេសចំនួន៩ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន៨៦ ដែលមានការិយាល័យកណ្តាល និងសាខាសរុបចំនួន២.៦១៤ ព្រមទាំងម៉ាស៊ីនអេធីអឹមស្វ័យប្រវត្តិចំនួន៣.៩៩៨ នៅទូទាំងប្រទេស៕

LEAVE A REPLY

Please enter your comment!
Please enter your name here