វិស័យធនាគារអាមេរិក កំពុងជួបព្យុះភ្លៀង ខណៈធនាគារនានាប្រឈមហានិភ័យខាតបង់ដល់ទៅ៦២០ពាន់លានដុល្លារ

សុខុម

ញូវយ៉ក: ការដួលរលំរបស់ធនាគារពាណិជ្ជ Silicon Valley Bank (SVB) ដែលជាធនាគារធំបំផុតទី១៦ នៅសហរដ្ឋអាមេរិក កាលពីសប្តាហ៍មុនបានធ្វើឱ្យបណ្ដាវិនិយោគិនភ័យស្លន់ស្លោ ហើយការដួលរលំនេះឆ្លុះបញ្ចាំងឱ្យឃើញថា វិស័យធនាគារទាំងមូលនៅសហរដ្ឋអាមេរិក កំពុងជួបបញ្ហាធំជាងនេះដ៏គួរឱ្យព្រួយបារម្ភ។

យោងតាមសារព័ត៌មាន CNN ចុះផ្សាយកាលពីថ្ងៃអាទិត្យ ទី១២ ខែមីនា ឱ្យដឹងថា បញ្ហាដ៏ធំនោះគឺគម្លាតរីកកាន់តែធំរវាងតម្លៃដែលធនាគារធំៗដាក់លើមូលបត្របំណុលដែលខ្លួនកាន់កាប់ និងតម្លៃជាក់ស្ដែងនៃមូលបត្របំណុលទាំងនោះនៅលើទីផ្សារ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការក្ស័យធនរបស់ធនាគារ SVB មួយផ្នែកទាក់ទិននឹងធ្លាក់ចុះនៃតម្លៃមូលបត្របំណុលដែលខ្លួនបានទិញចូលអំឡុងពេលទីផ្សារមូលបត្រមានសន្ទុះកើនឡើងខ្លាំង ជាពេលដែលខ្លួនទទួលបានប្រាក់បញ្ញើអតិថិជនយ៉ាងច្រើន ហើយក៏ត្រូវការបង្វិលប្រាក់បញ្ញើទាំងនោះទៅវិនិយោគលើអ្វីផ្សេង ដូចជាបង្វែរទៅទិញប័ណ្ណរតនាគារ និងមូលបត្របំណុលជាដើម។

ប៉ុន្តែមិនមែនមានតែធនាគារ SVB នោះទេដែលជួបបញ្ហាបែបនេះ។ បណ្ដាធនាគារអាមេរិក ទូទាំងសហរដ្ឋអាមេរិក ពេលនេះកំពុងតែប្រឈមហានិភ័យខាតបង់រហូតដល់ទៅ៦២០ពាន់លានដុល្លារ (ដោយសារទ្រព្យសកម្មធ្លាក់ថ្លៃ ប៉ុន្តែមិនទាន់លក់ចេញ) នៅត្រឹមដំណាច់ឆ្នាំ២០២២។ នេះបើយោងតាមសាជីវកម្មធនារ៉ាប់រងប្រាក់បញ្ញើសហព័ន្ធ (FDIC)។

FDIC គឺជាទីភ្នាក់ងារឯករាជ្យមួយដែលត្រូវបានបង្កើតឡើងដោយសភាអាមេរិក ដើម្បីរក្សាស្ថិរភាព និងទំនុកចិត្តរបស់សាធារណជនមកលើប្រព័ន្ធហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិក។

ស្ថានភាពដ៏អាក្រក់ដែលកំពុងកើតឡើង៖ ត្រលប់ទៅពេលដែលអត្រាការប្រាក់ស្ថិតក្នុងរង្វង់ជិត០% បណ្ដាធនាគារអាមេរិក បានប្រមូលទិញចូលនូវប័ណ្ណរតនាគារ និងមូលប្របំណុលយ៉ាងច្រើន។ ហើយពេលនេះដោយសារធនាគារកណ្តាលអាមេរិក (Federal Reserve) ដំឡើងអត្រាការប្រាក់ជាបន្តបន្ទាប់យ៉ាងគំហុកដើម្បីទប់ទល់នឹងអតិផរណា មូលបត្របំណុលទាំងនោះបានធ្លាក់ចុះថ្លៃខ្លាំង។

ហើយនៅពេលអត្រាការប្រាក់កើនឡើង មូលបត្របំណុលដែលទើបបោះផ្សាយថ្មីៗចាប់ផ្តើមទូទាត់អត្រាការប្រាក់ខ្ពស់ជាងមុនឱ្យទៅវិនិយោគិន ដែលធ្វើឱ្យមូលបត្របំណុលចាស់ៗដែលមានអត្រាការប្រាក់ទាបមិនសូវទាក់ទាញ និងមានតម្លៃទាប។ ហើយជាលទ្ធផលគឺថា ធនាគារភាគច្រើនបានទទួលរងការខាតបង់យ៉ាងសម្បើម៕ CNN៕

LEAVE A REPLY

Please enter your comment!
Please enter your name here