សម្ដេចតេជោអំពាវនាវឱ្យមានការចូលរួមកសាងអន្តេវាសិកនៅរាជធានីនិងបណ្ដាខេត្តសម្រាប់សិស្សនិស្សិតជាស្ត្រី

ដោយ៖លក្ខិណា

ភ្នំពេញ ៖ ថ្លែងនៅក្នុងពិធីអបអរសាទរទិវាអន្តរជាតិ៨មីនា ២០២៣ កាលពីព្រឹកថ្ងៃទី ៧មីនា ២០២៣ សម្ដេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអំពាវនាវចំពោះសប្បុរសជននានា ចូលរួមក្នុងការកសាងអន្តេវាសិកសម្រាប់ស្រីជាស្ត្រីនៅតាមវិទ្យាល័យនានាទាំងនៅរាជធានីភ្នំពេញនិងតាមបណ្ដាខេត្ត ។

សម្ដេចតេជោបានថ្លែងថា តាមពិតទៅរាជរដ្ឋាភិបាលបានកសាងសាលាស្ទើរតែគ្រប់ស្រុកគ្រប់ឃុំនៅទូទាំងប្រទេសដែលជិតនឹងផ្ទះរបស់ប្រជាពលរដ្ឋប៉ុន្តែក៏មានសិស្សិនិស្សិតនៅតាមបណ្ដាខេត្តមួយចំនួនក្រីក្រ មានការខ្វះខាតកន្លែងស្នាក់នៅ ដូច្នេះនៅពេលដែលយើងត្រូវកសាងសាលា យើងត្រូវបន្ថែមទៅជាមួយនូវអន្តេវាសិក សម្រាប់ស្ត្រីនៅថ្នាក់មធ្យមសិក្សា ។ បើគ្មានស្ត្រីនៅថ្នាក់មធ្យមសិក្សាទេ យើងក៏គ្មានស្ត្រីនៅថ្នាក់ឧត្តមសិក្សាដែរ 

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្ដេចបន្តថាចំណុចនេះ សម្ដេចចង់កាត់បន្ថយគម្លាតរវាងអ្នករស់នៅទីប្រជុំជន និងជនបទដាច់ស្រយាល តាមរយៈនូវការជំរុញឱ្យសិស្សស្ត្រីនៅតាមជនបទមានឱកាសសិក្សានៅវិទ្យាល័យ ដោយមានកន្លែងស្នាក់នៅ ពីព្រោះថាធម្មតាទេ មាតាបិតាតែងព្រួយបារម្ភចំពោះការស្នាក់នៅរបស់កូនស្រី ដូច្នេះយើងក៏ត្រូវធ្វើរឿងនេះ ហើយកន្លងមកយើងបានធ្វើរួចមកហើយ និងបន្តធ្វើបន្តទៀតឱ្យបានទូលំទូលាយ ។

សម្ដេចតេជោក៏បានជំរុញឱ្យគ្រប់ក្រសួងស្ថាប័នរដ្ឋនិងឯកជន បន្តយកចិត្តទុកដាក់និងបញ្ជ្រាបយេនឌ័រទៅក្នុងក្របខណ្ឌគោលនយោបាយកម្មវិធីជាតិរួមទាំងកម្មវិធីកែទម្រង់នានា ក៏ដូចជាក្របខណ្ឌជាតិគាំពារសង្គម កម្មវិធី ប្រែប្រួលអាកាសធាតុនិងការអភិវឌ្ឍបៃតង ។ ក្រសួងស្ថាប័ន វិស័យឯកជន និងដៃគូពាក់ព័ន្ធបង្កើនការវិនិយោគពង្រឹងសក្ដានុពលរបស់ស្ត្រី ក្នុងវិស័យសេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចបៃតងតាមរយៈការអភិវឌ្ឍសហគ្រិនភាពរបស់ស្ត្រី ការលើកកម្ពស់សេដ្ឋកិច្ចគ្រួសាររបស់ស្ត្រី ការគាំទ្រដល់សេដ្ឋកិច្ចដែលគិតគូរពីសុខមាលភាពនិងការលើកកម្ពស់កម្មវិធីតុល្យភាពជីវិតការងារ និងគ្រួសារ ។

សម្ដេចតេជោបញ្ជាក់ថា គោលដៅធំដែលជាគោលដៅអាទិភាពដែលគួរតែត្រូវធ្វើនោះគឺពង្រឹងអំណាចសេដ្ឋកិច្ចរបស់ស្ត្រីឱ្យខាងតែបាន ដើម្បីឱ្យស្ត្រីមានឥទ្ធិពលទាំងក្នុងគ្រួសារនិងសង្គមកម្ពុជា ៕

LEAVE A REPLY

Please enter your comment!
Please enter your name here