កម្ពុជាជំរុញឱ្យក្រុមហ៊ុនសហគ្រាសក្នុងស្រុកចូលរួមក្នុងពិព័រណ៍ពាណិជ្ជកម្មនៅប្រទេសចិន

ដោយៈ សុខុម

ភ្នំពេញ: ក្រសួងពាណិជ្ជកម្មកម្ពុជា បានជំរុញឱ្យបណ្ដាក្រុមហ៊ុន និងសហគ្រាសក្នុងស្រុក ចូលរួមក្នុងពិព័រណ៍ផលិតផល ប្រើប្រាស់អន្តរជាតិចិនលើកទី៣ (Hainan Expo 2023) ដែលនឹងប្រារព្ធឡើងនៅខែក្រោយ ក្នុងខេត្តហៃណាន (Hainan) ភាគខាងត្បូងនៃប្រទេសចិន។

យោងតាមសេចក្តីថ្លែងការណ៍ របស់ក្រសួងពាណិជ្ជកម្មកម្ពុជា កាលពីថ្ងៃច័ន្ទ ទី៦ ខែមីនា ឱ្យដឹងថា ពិព័រណ៍ពាណិជ្ជកម្មដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១១-១៥ ខែមេសា ក្នុងទីក្រុងហៃខូវ (Haikou) នៃខេត្តហៃណាន នឹងក្លាយជាឱកាសដ៏ល្អមួយ “ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសចិន និងកម្ពុជា ព្រមទាំងអ្នកចូលរួមអន្តរជាតិផងដែរ”។

នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្ម ប្រចាំឆ្នាំនេះក៏នឹងមានសន្និសីទ និងវេទិកានានាផងដែរ ដោយបង្កើតឱកាសសម្រាប់កិច្ចសន្ទ​នា និងការចែករំលែកព័ត៌មាន ដែលមានប្រយោជន៍ដល់គ្នាទៅវិញទៅមក។ ទន្ទឹមនេះការផ្លាស់ប្តូរពាណិជ្ជកម្ម និងវប្បធម៌នឹងត្រូវបានរៀបចំឡើងដើម្បីជំរុញឱកាសអាជីវកម្មថ្មីៗ និងដើម្បីពង្រីកទីផ្សារ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សេចក្តីថ្លែងការណ៍នេះបានបន្ថែមថា នៅក្នុងពិព័រណ៍នេះក៏នឹងមានវេទិកាប្រើប្រាស់សកល វេទិកាធុរកិច្ច និងការវិនិយោគ ព្រមទាំងសន្និសីទផ្សព្វផ្សាយផងដែរ។

ពិព័រណ៍ Hainan Expo គឺជាព្រឹត្តិការណ៍ពាណិជ្ជកម្មដ៏ធំបំផុតមួយនៅក្នុងប្រទេសចិន ដែលប្រមូលផ្តុំទៅដោយផលិតផលប្រើប្រាស់មានគុណភាពខ្ពស់ពីក្រុមហ៊ុន និងសហគ្រាសជាង២.៨០០ ហើយថា អ្នកតាំងពិព័រណ៍មកពីជាង៦០ប្រទេស និងតំបន់ជុំវិញពិភពលោកបានចូលរួម ក្នុងពិព័រណ៍នេះរួចមកហើយ ក្នុងពេលប៉ុន្មានឆ្នាំមុនៗនេះ៕  Xinhua៕

LEAVE A REPLY

Please enter your comment!
Please enter your name here