កូរ៉េខាងត្បូងបង្ហាញក្តីសង្ឃឹមយ៉ាងខ្ពស់លើការបើកទ្វារប្រទេសចិនដើម្បីជំរុញម៉ាសុីនកំណើនសេដ្ឋកិច្ច

ដោយ: គង់ លាងហួរ
សេអ៊ូល: ការបើកដំណើរការឡើងវិញរបស់ប្រទេសចិនកំពុងជំរុញឱ្យមានសុទិដ្ឋិនិយមនៅក្នុងទីក្រុងសេអ៊ូលដែលថា ការនាំចេញរបស់ប្រទេសកូរ៉េខាងត្បូងនឹងស្ទុះងើបឡើងមកវិញ។

ក្នុងអំឡុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅទីក្រុងសេអ៊ូល កាលពីថ្ងៃអង្គារ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក Choo Kyung-ho បានជំរុញឱ្យក្រសួងពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់ជាពិសេសចំពោះការបើកដំណើរការឡើងវិញរបស់ប្រទេសចិន ដើម្បីជំរុញឱ្យមានការកើនឡើងនៃការនាំចេញរបស់អាជីវកម្មកូរ៉េ។

ការកត់សម្គាល់របស់លោក បានធ្វើឡើងស្របពេលដែលប្រទេសកូរ៉េកំពុងព្យាយាមដោះស្រាយជាមួយនឹងអតិផរណា អត្រាការប្រាក់ខ្ពស់ និងអត្រារូបិយប័ណ្ណខ្ពស់ ចំពេលមានហានិភ័យសេដ្ឋកិច្ចពិភពលោក រួមទាំងសង្រ្គាមនៅអ៊ុយក្រែន និងការបិទប្រទេសចិន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការនាំចេញ ដែលជាម៉ាស៊ីនមួយក្នុងចំណោមម៉ាស៊ីនទាំង២នៃសេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងត្បូង រួមជាមួយនឹងការចំណាយឯកជន បានដាំក្បាលចុះយ៉ាងខ្លាំង។

ជាលើកដំបូងគិតចាប់តាំងពីឆ្នាំ២០២០ ការនាំចេញរបស់កូរ៉េខាងត្បូងបានដាំក្បាលចុះអស់រយៈពេល៤ខែជាប់ៗគ្នា ក្នុងខែមករា ខណៈការនាំចេញទៅក្រៅប្រទេសបានធ្លាក់ចុះ១៦,៦ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។

រដ្ឋមន្ត្រីហិរញ្ញវត្ថុរូបនេះបានបន្តថា “ការស្តារសេដ្ឋកិច្ចឡើងវិញគួរតែត្រូវបានជំរុញដោយវិស័យឯកជន ដើម្បីយកឈ្នះលើបញ្ហាប្រឈមសេដ្ឋកិច្ចពិភពលោក និងឈានឆ្ពោះទៅមុខមួយជំហាន”។

លោក Choo បន្ថែមថា “អាស្រ័យហេតុនេះ ខ្ញុំស្នើឱ្យគ្រប់ក្រសួងទាំងអស់ ខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីជួយពង្រីកការនាំចេញ និងការវិនិយោគក្នុងវិស័យឯកជន”។

អ្នកស្រាវជ្រាវឯកជនម្នាក់បានអះអាងដោយសុំមិនបញ្ចេញឈ្មោះថា “ខ្ញុំចង់និយាយថា ឱកាសវិនិយោគ ដែលដឹកនាំដោយរដ្ឋាភិបាលចិននឹងកើនឡើងនៅឆ្នាំនេះ ហើយឱកាសនេះអាចជំរុញដល់ការនាំចេញរបស់ប្រទេសកូរ៉េខាងត្បូង”៕

LEAVE A REPLY

Please enter your comment!
Please enter your name here