ដោយៈគង់ ម៉ាលីនណា
ភ្នំពេញៈ ប្រព័ន្ឋទូទាត់អន្តរធនាគារនៅកម្ពុជា”បាគង” បានកើនសមាជិកដល់៧០ហើយ គិតរហូតមកទល់ដើមឆ្នាំ២០២៣នេះ។
ប្រព័ន្ធបាគងរបស់ធនាគារជាតិនៃកម្ពុជា គឺជាគម្រោងដែលបានប្រើប្រាស់ផ្លេតហ្វមបច្ចេកវិទ្យា ដើម្បីលើកកម្ពស់ការតភ្ជាប់ និងការធ្វើប្រតិបត្តិការឆ្លងគ្រឹះស្ថាន ដើម្បីពង្រឹងប្រសិទ្ធភាព ប្រព័ន្ធទូទាត់ និងដើម្បីរួមចំណែកលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងការប្រើប្រាស់ប្រាក់រៀល។
វិស័យបច្ចេកវិទ្យាក្នុងប្រព័ន្ឋហិរញ្ញវត្ថុ បាននិងកំពុងរីកចម្រើនយ៉ាងលឿននៅកម្ពុជា ស្របពេលដែលប្រជាពលរដ្ឋមានការយល់ដឹងខ្ពស់ និងការរីកចម្រើននៃបច្ចេកវិទ្យាទូទាត់សាច់ប្រាក់។
ប្រធានអគ្គនាយកធនាគារហត្ថា លោកឧកញ៉ាហួត អៀងតុងបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ស្របពេលការរីកចម្រើនបច្ចេកវវិទ្យា និងការយល់ដឹងរបស់ប្រជាពលរដ្ឋ ធនាគារហត្ថាបានវិនិយោគទឹកប្រាក់ជាច្រើន ដើម្បីពង្រីកការវិនិយោគលើបច្ចេកវិទ្យាហិរញ្ញវត្ថុ ដើម្បីសម្រួលដល់ការប្រើប្រាស់អតិថិជនឲ្យចំណាយពេលតិច មានប្រសិទ្ឋភាពការងារ និងអាចទុកចិត្តបាន។
លោកឧកញ៉ាបានបន្តថា “ដោយសារយើងបត់បែនតាមនិន្នាការរីកចម្រើនបច្ចេកវិទ្យា បានធ្វើឲ្យធនាគារនៅតែបន្តរីកចម្រើន ទោះស្ថិតក្នុងបរិបទកូវីដ១៩ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកក្តី”៕