NBC និងCMAពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុក្នុងសហគមន៍ជាលើកដំបូង

ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ ធនាគារជាតិ​នៃ​កម្ពុជា (NBC) និង​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា (CMA) បាន​រួមគ្នា​ដាក់ឱ្យ​ដំណើរ ការ​គម្រោង​ស្តីពី “​ការពង្រឹង​សុវត្ថិភាព​ហិរញ្ញវត្ថុ​ក្នុង​សហគមន៍”។

កម្មវិធីនេះ ធ្វើឡើងក្នុង​គោលបំណង​លើកកម្ពស់ ​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ សិទ្ធិ និង​កិច្ចការពារ​អតិថិជន​តាម​សហគមន៍​ក្នុង​ឃុំ​-​សង្កាត់​។

យោងតាម​សេចក្តីប្រកាស​ព៏​ត៌មាន ​របស់​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា នៅ​ថ្ងៃទី​២៧ ខែកុម្ភៈ បានឱ្យដឹងថា គម្រោង “​ការពង្រឹង​សុវត្ថិភាព​ហិរញ្ញវត្ថុ​ក្នុង​សហគមន៍” សំដៅ​លើកកម្ពស់ លទ្ធភាព​ទទួលបាន និង​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ផ្លូវការ​ ប្រកបដោយ​សុវត្ថិភាព​នៅតាម​សហគមន៍ ដែល​នឹងចូលរួម​ជំរុញ​គោលនយោបាយ​ជាតិ​ស្តីពី ភូមិ​ឃុំ​មាន​សុវត្ថិភាព​។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គម្រោង “ការពង្រឹង​សុវត្ថិ ភាព​ហិរញ្ញវត្ថុ​ក្នុង​សហគមន៍” នឹងត្រូវ​អនុវត្ត​សាកល្បង ក្នុង​ខេត្តកំពង់ធំ -​កំពង់ស្ពឺ -​ស្វាយរៀង និង​ខេត្តបាត់ដំបង ចាប់ ពី​ឆ្នាំ​២០២៣​នេះ ហើយនឹង​បន្ត​ពង្រីក​វិសាលភាព​នៅ​ឆ្នាំ​បន្តបន្ទាប់​។​

សេចក្តីប្រកាស​ព័ត៌មាន​នេះ​បន្តថា ការបង្កើត​គម្រោង​នេះ គឺ​ផ្អែកលើ​លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​ផ្សេងៗ ធ្វើឡើង​ក្នុង​ឆ្នាំ​២០២២ ដោយ អង្គការ​JICA និងសមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ដោយមាន​ការគាំទ្រ​ពី Cerise​+SPTF និង​អង្គការ​ADA ប្រទេស​លុច​ហ្សំ​បួរ​។

ការសិក្សា រួមទាំង​សិក្ខាសាលា​ពិគ្រោះ​យោបល់ ​ដែល​បាន​ធ្វើឡើង​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន បាន​រកឃើញ​ស្រដៀង គ្នា​អំពី​សារៈសំខាន់​នៃ​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ ដែល​នាំទៅដល់​ការជំរុញ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​នៅ​កម្រិត​មូលដ្ឋាន​។​

សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជាលើកឡើងថា​ ​លទ្ធផល​នៃ​ការស្រាវជ្រាវ​បាន​ឆ្លុះបញ្ចាំង​តួនាទី​ ដ៏​សំខាន់​របស់​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន ក្នុង​ការជួយ​លើកកម្ពស់ និង បញ្ជ្រាប​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ សម្រាប់​ការទទួលបាន​សេវា​ហិរញ្ញវត្ថុ​ផ្លូវការ និង​ប្រកបដោយ​សុវត្ថិភាព ដើម្បី​រួម ចំនែក​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ជីវភាព​របស់​ប្រជាជន នៅតាម​មូលដ្ឋាន​៕

LEAVE A REPLY

Please enter your comment!
Please enter your name here