ប្រាក់ដុល្លារហក់ឡើងថ្លៃ ខណៈធនាគារកណ្តាលអាមេរិកនឹងត្រូវដំឡើងការប្រាក់បន្ថែម

ដោយ: គង់ លាងហួរ
សិង្ហបុរី: ប្រាក់ដុល្លារបានហក់ឡើងថ្លៃនៅថ្ងៃចន្ទនេះ ដោយហក់ឡើងជិតដល់ចំណុចកំពូលរយៈពេល៧សប្តាហ៍ បន្ទាប់ពីទិន្នន័យសេដ្ឋកិច្ចដ៏រឹងមាំរបស់សហរដ្ឋអាមេរិកបានពង្រឹងទស្សនៈថា ធនាគារកណ្តាលអាមេរិក Federal Reserve នឹងត្រូវដំឡើងអត្រាការប្រាក់បន្ថែមទៀត និងយូរជាងនេះ។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណអាមេរិកធៀបនឹងដៃគូរសំខាន់ៗចំនួន៦បានស្ថិតក្នុងរង្វង់១០៥,១៧ ដែលទាបជាងកម្រិតកំពូល៧សប្តាហ៍ចំនួន១០៥,៣២ ដែលវាបានឈានដល់កាលពីថ្ងៃសុក្រ។

សន្ទស្សន៍តម្លៃនៃការចំណាយលើការប្រើប្រាស់ផ្ទាល់ខ្លួន (PCE) ដែលជារង្វាស់អតិផរណារបស់ Federal Reserve បានហក់ឡើង០,៦ភាគរយកាលពីខែមុន បន្ទាប់ពីបានកើនឡើង០,២ភាគរយនៅក្នុងខែធ្នូ ឆ្នាំមុន។

យោងតាមនាយកដ្ឋានពាណិជ្ជកម្មបានឱ្យដឹងថា ការចំណាយរបស់អ្នកប្រើប្រាស់ដែលគ្របដណ្តប់លើស២/៣នៃសកម្មភាពសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកបានកើនឡើង១,៨ភាគរយកាលពីខែមុន។ យោងតាមសេដ្ឋវិទូ ដែលត្រូវបានស្ទង់មតិដោយសារពត៌មាន Reuters ធ្លាប់បានព្យាករណ៍ថាការចំណាយរបស់អ្នកប្រើប្រាស់នឹងងើបឡើងវិញ១,៣ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Rodrigo Catril អ្នកយុទ្ធសាស្រ្តរូបិយវត្ថុជាន់ខ្ពស់នៅធនាគារជាតិអូស្ត្រាលីបានមានប្រសាសន៍ថា “ទិន្នន័យបង្ហាញពីសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកដែលដំណើរការក្តៅខ្លាំងនៅដើមឆ្នាំ ដោយបង្កើនភាពបន្ទាន់សម្រាប់ធនាគារ Fed ដើម្បីរឹតបន្តឹងរូបិយវត្ថុបន្ថែមទៀតក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ”។

លោកបានបន្តថា “ការពិតនោះគឺថា នៅឆ្នាំ២០២៣នេះ សេដ្ឋកិច្ចអាមេរិកបានចាប់ផ្តើមពីទីតាំងខ្លាំងជាងអ្វីដែលពួកយើងជាច្រើននាក់ធ្លាប់បានរំពឹងទុកពីមុន”។

បច្ចុប្បន្ននេះ ទីផ្សារកំពុងកំណត់តម្លៃអត្រាការប្រាក់របស់សហរដ្ឋអាមេរិកដល់កម្រិតខ្ពស់បំផុតនៅ៥,៤ភាគរយនៅក្នុងខែកក្កដា ហើយនឹងនៅតែលើសពី៥ភាគរយរហូតដល់ចុងឆ្នាំ។

ធនាគារកណ្តាលអាមេរិកត្រូវបានគេរំពឹងថា នឹងដំឡើងអត្រាការប្រាក់២៥ចំណុចមូលដ្ឋាននៅឯកិច្ចប្រជុំរបស់ខ្លួននៅថ្ងៃទី២១-២២ ខែមីនា ទោះជាអ្នកវិភាគមួយចំនួនមើលឃើញពីលទ្ធភាពនៃការដំឡើងចំនួន៥០ពិន្ទុមូលដ្ឋាន ប្រសិនបើអត្រាអតិផរណានៅតែខ្ពស់ ហើយកំណើននៅតែរុឹងមាំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here