ប្រទេសចិនដាក់ចេញវិធានការចំនួន១៧ដើម្បីគាំទ្រផ្នែកហិរញ្ញវត្ថុ សម្រាប់ទីផ្សារលំនៅដ្ឋានជួល

ដោយ: គង់ លាងហួរ

ប៉េកាំង: ប្រទេសចិន កំពុងរៀបចំផែនការកែលម្អការផ្គត់ផ្គង់ និងលទ្ធភាពទទួលបានផ្ទះជួល តាមរយៈការគាំទ្រឥណទានកាន់តែច្រើន និងពង្រីកបណ្តាញហិរញ្ញវត្ថុដែលមានសម្រាប់ការជួល។

ផែនការនេះបានរៀបចំឡើង ខណៈប្រទេសចិនកំពុងខិតខំស្តារស្ថិរភាពនៃវិស័យអចលនទ្រព្យ និងដោះស្រាយបញ្ហា ក្នុងចំណោមប្រជាសាស្រ្តមួយចំនួន ជាពិសេសអ្នកស្វែងរកផ្ទះវ័យក្មេង។

វិធានការទាំង១៧ ដែលត្រូវបានណែនាំនៅក្នុងសេចក្តីព្រាង នឹងជួយបង្កើនសមត្ថភាពរបស់ស្ថាប័នហិរញ្ញវត្ថុ សម្រាប់ការផ្តល់ប្រាក់កម្ចីដល់បណ្តាក្រុមហ៊ុនដែលជួលអចលនទ្រព្យលំនៅដ្ឋាន។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ធនាគារប្រជាជនចិន និងគណៈកម្មាធិការនិយតកម្មធនាគារ និងធានារ៉ាប់រងចិន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ផែនការនេះ មានគោលបំណងពង្រីកមធ្យោបាយ ដែលក្រុមហ៊ុនពាក់ព័ន្ធអាចរៃអង្គាសប្រាក់បាន ដោយអនុញ្ញាតឱ្យពួកគេបោះផ្សាយមូលបត្របំណុលដើម្បីផ្តល់មូលនិធិដល់ការសាងសង់ ការទិញ និងប្រតិបត្តិការនៃការជួលផ្ទះ។

សេចក្តីព្រាងផែនការនេះ ត្រូវបានបើកឱ្យមានការពិគ្រោះយោបល់ជាសាធារណៈរហូតដល់ថ្ងៃទី២៦ ខែមីនា។

ទន្ទឹមនឹងនេះ ធនាគារប្រជាជនចិន ក៏កំពុងធ្វើការដើម្បីជួយសម្រួលដល់ការរួមបញ្ចូលគ្នា និងការទិញយកក្នុងវិស័យអចលនទ្រព្យ និងធ្វើឱ្យប្រសើរឡើង នូវសេវាកម្មហិរញ្ញវត្ថុសម្រាប់មនុស្សវ័យក្មេង។

លោក Yan Yuejin នាយកវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ E-house China ដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃបានមានប្រសា សន៍ថា “ខ្លឹមសារនៃវិធានការទាំងនោះ ដើម្បីបង្កើតប្រព័ន្ធគាំទ្រហិរញ្ញវត្ថុដ៏ល្អមួយសម្រាប់ទីផ្សារជួលលំនៅដ្ឋាន”។

លោក​បន្ត​ថា “វិធានការ​ផ្តល់​ប្រាក់កម្ចី​មាន​លក្ខណៈ​ចម្រុះ និង​គ្រប​ដណ្តប់​លើ​ការ​ជួល​ផ្ទះ​ជិត​គ្រប់​ប្រភេទ”។  លោកបន្ថែមថា “ការផ្តល់នូវប្រាក់កម្ចីក៏នឹងជួយលើកទឹកចិត្ត ដល់សហគ្រាសនានាឱ្យទិញកន្លែងទំនេរ ដើម្បីបង្កើនការផ្គត់ផ្គង់លំនៅដ្ឋាន ជួលរបស់ពួកគេនាពេលអនាគតផងដែរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here