ពលករកម្ពុជាក្រៅប្រទេសប្រមាណ១,៣២លាននាក់ផ្ញើប្រាក់ត្រលប់មកស្រុកប្រមាណ២,៧ពាន់លានដុល្លារក្នុងមួយឆ្នាំ

  ដោយៈ លក្ខិំណា

ភ្នំពេញៈ គិតមកដល់បច្ចុប្បន្ននេះ កម្ពុជាបានបញ្ជូនពលកររបស់ខ្លួនទៅធ្វើការ និងស្នាក់នៅក្រៅប្រទេសមានចំនួនប្រមាណ១,៣២លាននាក់ ក្នុងនោះប្រទេសថៃមានចំនួនច្រើនជាងគេ ដែលមានចំនួនរហូតដល់១,២៣លាននាក់។

ប្រទេសកូរ៉េប្រមាណ៤ម៉ឺន៩ពាន់នាក់ ជប៉ុនប្រមាណ១៦ពាន់នាក់ ម៉ាឡេស៊ីប្រមាណ២២ពាន់នាក់ សិង្ហបុរីប្រមាណ៨៥០នាក់ ហុងកុង២១៥នាក់ អារ៉ាប់ប៊ីសាអូឌីតចំនួន១១នាក់ផងដែរ។ នេះបើតាមរបាយការណ៍របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចេញផ្សាយនៅថ្ងៃទី២៣ កុម្ភៈ២០២៣ ។

របាយការណ៍ឱ្យដឹងផងដែរថា ក្នុងចំណោមពលករកំពុងបម្រើការងារនិងស្នាក់នៅក្រៅប្រទេសជាង១,៣២លាននាក់នេះ ពួកគេបានផ្ញើប្រាក់ត្រលប់មកស្រុកវិញក្នុងមួយឆ្នាំៗ មានទឹកប្រាក់ប្រមាណ២,៧ពាន់លានដុល្លារអាមេរិក ដែលបានជួយសម្រួលជីវភាពរបស់បងប្អូន ក្រុមគ្រួសារនៅក្នុងប្រទេសកម្ពុជាបានមួយកម្រិតផងដែរ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កាលពីពេលថ្មីៗកន្លងទៅនេះ លោក​បណ្ឌិត​អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ ​និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា​ សាធារណរដ្ឋកូរ៉េបានសន្យាថា នឹងបង្កើតកូតាពលករកម្ពុជា ទៅធ្វើការនៅក្នុងប្រទេសកូរ៉េឱ្យបានលើសពី១ម៉ឺននាក់ក្នុងឆ្នាំ២០២៣នេះ និងកាន់តែច្រើនទៀតនៅឆ្នាំបន្តបន្ទាប់ ។

លោកបន្តថា ការសន្យារបស់កូរ៉េ​ខា​ងត្បូង ដោយសារតែឃើញថា     ព​លករកម្ពុជាមានភាពស្មោះត្រង់ ឧស្សាហ៍ ព្យាយាម និងយកចិត្តទុកដាក់នឹងការងារ ធ្វើឱ្យនិយោជកកូរ៉េស្រលាញ់ពេញចិត្ត និងចង់បានពលករកម្ពុជាទៅធ្វើការនៅកូរ៉េកាន់តែច្រើនថែមទៀត។

ក្រៅពីប្រាក់បញ្ញើមកពីក្រៅប្រទេសនេះដែរ របាយការណ៍របស់លោកបណ្ឌិតអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈក៏បានឱ្យដឹងថា ក្នុងមួយឆ្នាំ កម្មករនិយោជិតចំនួន១,៥លាននាក់ ដែលកំពុងបម្រើការនៅក្នុងសហគ្រាស គ្រឹះស្ថានសេដ្ឋកិច្ចក្នុងប្រព័ន្ធជាង១ម៉ឺន៦ពាន់សហគ្រាស ក៏ទទួលបានប្រាក់ឈ្មួលសរុប ជិត៤ពាន់លានដុល្លារអាមេរិកផងដែរក្នុងមួយឆ្នាំៗ៕

LEAVE A REPLY

Please enter your comment!
Please enter your name here