ម្ចាស់រោងម៉ាស៊ីនកិនស្រូវចំនួន៤១ចូលរួមជាមួយសហគមន៍កសិកម្មដើម្បីសម្រេចបានប្រភេតស្រូបតាមការរំពឹងទុក

 ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ អ្នកវិនិយោគរោង​ម៉ាស៊ីនកិនស្រូវ​ចំនួន​ ៤១ បានបង្ហាញ​ឆន្ទៈ​នៅក្នុង​ការធ្វើ​កិច្ចសន្យា​កសិកម្ម ​ជាមួយ​សហគមន៍​កសិក​ម្ម ​ដើម្បី​អាច​ធានាបាន​ប្រភេទ​ស្រូវ​តាម​ការចង់បាន និង​មាន​ប្រភព​នៃ​ការដាំដុះ​ច្បាស់លាស់។

កិច្ចការនេះធ្វើឡើង ខណៈ​អ្នកជំនាញ​ក្នុង​វិស័យ​ស្រូវ ​អង្ករ​អះអាងថា កិច្ចសន្យា​កសិកម្ម ​គឺជា​ចំណែក​មួយ​ក្នុងការ​លើកកម្ពស់​​​ ​សម​ត្ថ​ភាព​នាំចេញ​អង្ករ​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ឱ្យបាន​កាន់តែច្រើន​។​

រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក យ៉ង សាំង​កុមារ បាន​មានប្រសាសន៍ប្រាប់BTV កាលពីដើមសប្តាហ៍នេះថា បច្ចុប្បន្ន​ក្រុមការងារ​នៃ​ក្រសួងកសិកម្ម កំពុង​ចុះ​ស្រង់​ចំនួន​ឱ្យបាន​ច្បាស់​នៃ​សហគមន៍​ ដែលមាន​ការផលិត​ពូជស្រូវ ខណៈ​ក្នុងអំឡុងពេល​ចុះ​បេសក​កម្ម​ តាម​បណ្ដា​ខេត្ត​នាពេល​ប៉ុន្មាន​ខែ​មកនេះ គឺមាន​រោង​ម៉ាស៊ីនកិនស្រូវ ៤១​ កន្លែង​បាន​ចង់​ធ្វើ​កិច្ចសន្យា​ជាមួយ​កសិករ ​ដើម្បី​ទិញស្រូវ​ក្នុងតម្លៃ​សមរម្យ និង​មាន​ប្រភព​ពូជ​ច្បាស់លាស់​។​

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​ថ្លែងថា “​ការកសាង​ប្រព័ន្ធ​ផលិត និង​បែងចែក​ពូជស្រូវ​កំពុងធ្វើដំណើរ​ទៅមុខ​ ដើម្បី​ធានា​ចំពោះ​អ្នក​ផលិត​ពូជស្រូវ​ល្អ មាន​ទីផ្សារ​សម្រាប់​លក់​ពូជ របស់​កសិករ ដែលជា​ផ្នែក​សំខាន់​នៃ​ប្រព័ន្ធ​ចង្វាក់​ផលិតកម្ម និង​ទីផ្សារ​ស្រូវ​អង្ករ”។​

ជាមួយគ្នានេះ លោកឧកញ៉ាចាន់ សុខ​ឃាំង ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជាបានមានប្រសាសន៍ឲ្យដឹង​ថា កិច្ចសន្យា​កសិកម្ម គឺជា​យន្តការ​ដ៏​ល្អ​ដែល​នឹង​ផ្តល់​ផល​វិជ្ជមាន​ ទៅ​គូភាគី​ពាក់ព័ន្ធ​ទាំងអស់ ពិសេស​ប្រជាកសិករ​អ្នក​បង្កបង្កើនផល និង​ម្ចាស់​រោង​ម៉ាស៊ីន ឬ​អ្នក​កែច្នៃ​/​នាំចេញ​អង្ករ​។ កិច្ចសន្យា​កសិកម្ម​​​ អាចជួយ​ឱ្យ​អ្នកប្រមូល​ទិញ ឬ​រោង​ម៉ាស៊ីនកិនស្រូវ​/​កែច្នៃ ទទួលបាន​ប្រភេទ​ស្រូវ​ដែលមាន​ពូជ​សុទ្ធ​ល្អ មាន​ប្រភព​ដាំ​ដុះ​ច្បាស់លាស់ ខណៈ​កសិករ​នឹង​ទទួលបាន​នូវ​ការធានា​ទីផ្សារ ទទួលបាន​តម្លៃ​សមរម្យ និង​អាចមាន​ការជួយ​គាំទ្រ​បច្ចេកទេស និង​ពូជ​មួយចំនួន​ផងដែរ​។​

លោក​បន្តថា បន្ថែម​ពីលើ​នេះ​ភាគី​ក្នុង​កិច្ចសន្យា​កសិកម្ម ​ក៏​អាច​កំណត់​រួមគ្នា​អំពី​ពូជ និង​បរិមាណ​ផលិត​តាម​ការបញ្ជាទិញ​ផងដែរ​។ ទោះយ៉ាងណា​ ការធ្វើ​កិច្ចសន្យា​រវាង​សហគមន៍​ដាំ​ដុះ​ស្រូវ និង​អ្នក​កែច្នៃ​នៅក្នុង​ប្រទេស​កម្ពុជា​នៅពេលនេះ គឺ​មិនទាន់មាន​ច្រើន​ទេ​។​

លោក​ឧកញ៉ាចាន់ សុខឃាំងបានបញ្ជាក់ថា​ យន្តការ​ការធ្វើ​កិច្ចសន្យា​កសិកម្ម គឺជា​ផ្នែក​មួយ​រួមចំណែក​ជំរុញ​ចក្ខុវិស័យ ​ការនាំចេញ​អង្ករ​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​​​​ ឱ្យ​ឆាប់​បានទទួល​ជោគជ័យ ព្រោះ​តាមរយៈ​កិច្ចសន្យា​កសិកម្ម គឺអាច​ជួយ​ឱ្យ​រោង​ម៉ាស៊ីន និង​ក្រុមហ៊ុននាំចេញ​នីមួយៗ អាចមាន​ស្តុក​អង្ករ​សម្រាប់​នាំចេញ​គ្រប់គ្រាន់ ខណៈ​អង្ករ​ទាំងអស់នោះ​សុទ្ធ​តែមាន​ប្រភព​ច្បាស់លាស់ និង​មាន​គុណភាព​តាម​ការចង់បាន​​​​ របស់​អ្នកបញ្ជា​ទិញ​។

លោក​បន្តថា​ នៅពេល​យើង​មាន​ព័ត៌មាន​ពី​ប្រភេទ​អង្ករ និង​ការធានា​គុណភាព​ច្បាស់លាស់ វា​ក៏បង្ក​ភាពងាយស្រួល ​សម្រាប់​ការផ្សព្វផ្សាយ​ទៅលើ​ទីផ្សារ​អន្តរជាតិ​ផងដែរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here