ក្រសួងកសិកម្មជម្រុញការផ្សព្វផ្សាយការលើកកំពស់បន្លែមានសុវត្ថិភាព

ដោយៈ ម៉ាលីនណា

ភ្នំពេញៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងថ្ងៃទិវានៃក្តីស្រលាញ់ នៅឆ្នាំ២០២៣នេះ បានរៀបចំឲ្យមានការតាំងផលិតផលបន្លែខ្មែរជាបាច់ និងជាកន្ត្រកជំនួសឱ្យផ្កា ដើម្បីអបអរថ្ងៃ១៤កុម្ភៈ ក្នុងគោលបំណងដើម្បីជំរុញ ការយល់ដឹងអំពីប្រភេទបន្លែសុវត្ថិភាព ដែលមាននៅក្នុងស្រុក ពិសេសផ្សារភ្ជាប់ក្តីស្រលាញ់ និងសុខភាព។

នៅក្នុងឱកាសនោះ លោកឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ប្រាប់ បណ្តាញអ្នកសារព័ត៌មានថា “ថ្ងៃ១៤ កុម្ភៈ គឺជាការជំរុញឲ្យមានការយល់ដឹង អំពីប្រភេទបន្លែសុវត្ថិភាព ដែលមាននៅក្នុងប្រទេសកម្ពុជា ហើយសុំការគាំទ្រពីប្រជាពលរដ្ឋទាំងអស់ និងអ្នកប្រើប្រាស់ ព្រមទាំងអ្នកបរិភោគ ដើម្បីឲ្យការអភិវឌ្ឍន៍បន្លែសុវត្ថិភាព កាន់តែរីកចម្រើនឡើង”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានបន្តថា ក្រសួងទទួលបានចំណាប់អារម្មណ៍ របស់ប្រជាពលរដ្ឋមួយចំនួនអំពីបន្លែសុវត្ថិភាព និងបន្លែ ដែលគ្មានជាតិគីមី ហើយថ្ងៃនេះក៏មានការដាក់តាំង ដើម្បីឲ្យសាធារណជនបានដឹងថា បន្លែដែលមិនមានការដាក់ជី-ថ្នាំច្រើន និងបន្លែដែលគ្មានជីថ្នាំ។

 

លោករដ្ឋមន្រ្តីឌិត ទីណាបានលើកឡើងបន្ថែមថា ជាគោលដៅទៅមុខ ក្រសួងចង់ឲ្យគុណភាពបន្លែកម្ពុជា កាន់តែបានល្អនៅលើទីផ្សារ និងទទួលបានការស្វាគមន៍ពីអ្នកបរិភោគ ទិញយកទៅប្រើប្រាស់ឲ្យបានច្រើន ហើយពេលនោះកសិករនឹងមានកម្លាំងដាំបន្លែ ដែលជាប្រភេទបន្លែសុវត្ថិភាព និងបន្លែសិរីរាង្គបន្ដទៀត។ ជាមួយគ្នានេះ លោកបានឲ្យដឹងទៀតថា បន្លែសុវត្ថិភាព ជាទីផ្សារថ្មីដែលកំពុងតែមានការរីកចម្រើន ព្រោះថា ប្រជាពលរដ្ឋចាប់ផ្ដើមទទួលស្គាល់ថា គុណភាពមានលក្ខណៈសំខាន់សម្រាប់សុខភាព។

ស្របគ្នាក្នុងឱកាសនោះ និស្សិតមកពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម ដែលបានចូលរួមតាំងបង្ហាញលក់បន្លែសិរីរាង្គ បាននិយាយថា “ឆ្នាំនេះ ពិតជាពិសេសណាស់ ដែលយើងបាននាំយកផលិតផលសុវត្ថិភាព មកដាក់លក់ ចែកជូនអ្នកទិញយកទៅទទួលទានដើម្បីសុខភាព”។ ផលិតផលដែលតាំងលក់ គឺផលិតផលស្រស់មានប្រមាណ២០មុខ ហើយរបស់កែច្នៃមានប្រមាណ២០មុខ ដែលជាផលិតផលសុវត្ថិភាព ល្អសម្រាប់សុខភាព ដោយមិនមានសារធាតុគីមីឡើយ។

ផលិតផលខ្មែរជាច្រើនមុខ ដែលបានដាក់តាំងលក់នៅមុខទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាពិសេសបន្លែសុវត្ថិភាព អង្ករបាយឆ្ងាញ់ និងស្រាផ្លែឈើរសជាតិស្រទន់ ដែលបានវេចខ្ចប់យ៉ាងស្អាត សម្រាប់ជាកាដូថ្ងៃដ៏ពិសេសនេះ ដោយមានស្តង់ជាច្រើន ដូចជា វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា, សាកលវិទ្យាល័យភូមិន្ទកសិកម្ម និងមាសបៃតងជាដើម៕

  

 

LEAVE A REPLY

Please enter your comment!
Please enter your name here