ថៃដាក់ចេញយុទ្ធសាស្ត្រថ្មីៗក្នុងរយៈពេល៥ឆ្នាំខាងមុខដើម្បីទាក់ទាញ វិនិយោគិនបរទេស

ដោយ: គង់ លាងហួរ

បាងកក: ក្រុមប្រឹក្សាវិនិយោគថៃ (BoI) កាលពីថ្ងៃអង្គារម្សិលមិញនេះបានបង្ហាញយុទ្ធសាស្រ្តរបស់ខ្លួន ក្នុងការទាក់ទាញវិនិយោគិនបរទេស ក្នុង  រយៈពេលពី៣ទៅ៥ឆ្នាំខាងមុខ។

ទីភ្នាក់ងារនេះបានអះអាងថា ទីក្រុងបាងកក នឹងដើរតួយ៉ាងសំខាន់ក្នុងទាក់ទាញលំហូរវិនិយោគបរទេស និងក្រុមហ៊ុនពិភពលោកឱ្យបង្កើតមជ្ឈមណ្ឌលក្នុងតំបន់ ដោយបង្ហាញពីភាពទាក់ទាញ នៃរថភ្លើងអគ្គិសនី ដែ លបម្រើគ្រប់តំបន់នៃទីក្រុង និងតំបន់ជុំវិញ រួមទាំងអាកាសយានដ្ឋាន និងកំពង់ផែផងដែរ។

នៅឆ្នាំ២០២៣នេះ BoI គ្រោងនឹងផ្តោតការយកចិត្តទុកដាក់ បន្ថែមទៀត លើការលើកកម្ពស់គំរូសេដ្ឋកិច្ច ជីវ-រង្វង់ និងបៃតង យានជំនិះអគ្គិសនី អាជីវកម្មឌីជីថល និងច្នៃប្រឌិត ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Narit Therdsteerasukdi អគ្គលេខាធិការនៃក្រុមប្រឹក្សាវិនិយោគថៃ (BoI) បានមានប្រសាសន៍ថា “យុទ្ធសាស្ត្ររបស់ក្រុមប្រឹក្សាភិបាល សម្រាប់គាំទ្រវិស័យផលិតកម្ម និងឧស្សាហកម្ម គឺស្របតាមផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមរយៈពេលវែងរបស់ប្រទេសថៃ”។

លោក​បាន​បន្ត​ថា “យុទ្ធសាស្ត្រ​នេះ ​មាន​គោល​បំណង​ជួយ​ដល់​វិស័យ​ធុរកិច្ច ដើម្បី​ឲ្យ​ក្រុមហ៊ុន​ក្នុង​ស្រុក និង​អន្តរជាតិ​អាច​កសាង​គ្រឹះ​សម្រាប់​កំណើន​នៅ​ក្នុង​ប្រទេស​ថៃ”។

លោក Narit បានថ្លែងនៅក្នុងសិក្ខាសាលាមួយ ដែលរៀបចំដោយសហព័ន្ធ នៃអង្គការទីផ្សារមូលធនថៃ កាលពីថ្ងៃអង្គារម្សិលមិញនេះថា “ប្រទេសថៃមានគុណសម្បត្តិ ផ្នែកភូមិសាស្ត្រនយោបាយ ដោយផ្អែកលើទីតាំងរបស់ខ្លួន នៅកណ្តាលតំបន់អាស៊ីអាគ្នេយ៍”។

សិក្ខាសាលានេះធ្វើឡើងដើម្បីឱ្យអ្នកវិភាគ និងអ្នកវិនិយោគស្ថាប័នសិក្សាស្វែងយល់ អំពីគោលនយោបាយជំរុញការវិនិយោគថ្មីៗ របស់រដ្ឋាភិបាល។

លោក Narit បានបញ្ជាក់ថា ប្រទេសថៃមានគុណសម្បត្តិ ដោយសារប្រទេសនេះ មិនបានរងផលប៉ះពាល់ខ្លាំង ពីសង្រ្គាមពាណិជ្ជកម្មរវាងអាមេរិក-ចិន និងមានខ្សែសង្វាក់ផ្គត់ផ្គង់ដែលអាចបត់បែនបាន។

ប្រទេសថៃក៏បានបង្ហាញ ពីសមត្ថភាពរបស់ខ្លួន ក្នុងការដោះស្រាយវិបត្តិដូចជាជំងឺរាតត្បាត និងមានសមត្ថភាពផ្គត់ផ្គង់ថាមពល កកើតឡើងវិញផងដែរ។

លោក Narit បានណែនាំឱ្យអ្នកធុរកិច្ច និងអ្នកវិនិយោគអនុវត្តតាមនិន្នាការវិនិយោគថ្មីៗ ដូចជាការធ្វើពិពិធកម្ម ការវិនិយោគបៃតង និងការផលិតឆ្លាតវៃ។

លោកបន្ថែមថា “លំហូរវិនិយោគិនផ្ទាល់ពីបរទេស មានទំនោរពិចា​រ​ណា​លើកត្តាមួយចំនួន ដូចជា ភាពអាចរកបាននៃហេដ្ឋារចនាសម្ព័ន្ធ និងភស្តុភារ ភាពអាចរកបាននៃបុគ្គលិក ដែលមានសមត្ថភាព បទប្បញ្ញត្តិអំណោ​យផលសម្រាប់វិស័យធុរកិច្ច ការគាំទ្រមូលដ្ឋានឧស្សាហកម្ម ការចំណាយសមរម្យ និងអត្ថប្រយោជន៍របស់រដ្ឋាភិបាល”៕

LEAVE A REPLY

Please enter your comment!
Please enter your name here