វិស័យកសិកម្មស្រូបទាញឥណទានពីធនាគារ៨ភាគរយនៃឥណទាន សរុប និង២៥ភាគរយពីមីក្រូហិរញ្ញវត្ថុ

ដោយៈ លក្ខិណា

ភ្នំពេញៈ វិស័យកសិកម្មកម្ពុជា នៅតែជាវិស័យអាទិភាពសំខាន់មួយសម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជា និងទទួលបានការគាំទ្រពីធនាគារ និងមីក្រូហិរញ្ញវត្ថុកម្ពុជា។

ជាក់ស្ដែង ក្នុងនោះវិស័យកសិកម្មកម្ពុជា បច្ចុប្បន្នន្នបានស្រូបយកឥណទានពីធនាគារ៨ភាគរយ នៃឥណទានរបស់ធនាគារសរុប និងប្រមា​ណ២៥ភាគរយ នៃឥណទានសរុបក្នុងវិស័យមីក្រូហិរញ្ញវត្ថុ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃទី៧ កុម្ភៈ ២០២៣ លោករ័ត្ន សោភ័ណ អនុប្រធានសមាគមធនាគារនៅកម្ពុជាបានមានប្រសា​សន៍ថា គិតមកដល់បច្ចុប្បន្ននេះ ឥណទានរបស់ធនាគារ ដែលបានផ្ដល់ក្នុងវិស័យកសិកម្ម មានទំហំទឹកប្រាក់ប្រមាណ៣,៧ពាន់លានដុល្លារអាមេរិក ហើយបណ្ដាធនាគារ នៅតែបន្តផ្ដល់កម្ចីដល់វិស័យកសិកម្ម បន្ថែមសម្រាប់ឱ្យវិស័យនេះ កាន់តែមានតែការរីកលូតលាស់ និងរួមចំណែកដល់ការអភិ​វ ឌ្ឍសេដ្ឋកិច្ចបន្ថែម។

លោកបន្តថា ទឹកប្រាក់ដែលបានផ្ដល់ជូន ក្នុងវិស័យកសិកម្មនេះ ជាទឹកតួលេខច្រើនមួយ ក្នុងចំណោមបណ្ដាវិស័យផ្សេងៗទៀត ដែលទទួលបានឥណទានពីគ្រឹះស្ថានធនាគារ ដោយធនាគារមួយចំនួននៅតែបន្តផ្ដោតលើកសិកម្ម ហើយយុទ្ធសាស្ត្ររបស់គ្រឹះស្ថាន ធនាគារយ៉ាងណានោះ យើងមិនអាចដឹងស៊ីជម្រៅ ពីយុទ្ធសាស្ត្ររបស់គ្រឹះស្ថានទាំងនោះដែរ ។

លោកសុខ វឿន ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក៏បានថ្លែងផងដែរថា សម្រាប់វិស័យមីក្រូហិរញ្ញវត្ថុវិញ ក៏បានផ្ដល់កម្ចីដល់វិស័យកសិកម្មរហូតដល់២៥ភាគរយ នៃឥណទានសរុបគិតជាទឹកប្រាក់ មានប្រមាណ១,៧ពាន់លានដុល្លារអាមេរិក ដោយក្នុងនោះមានទាំងឥណទានខ្នាតតូចៗនិងខ្នាតធំ ប៉ុន្តែភាគច្រើនគឺគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយចំនួន បានផ្ដល់ឥណទាន ក្នុងវិស័យកសិកម្មជាកម្ចីខ្នាតតូចៗសម្រាប់កសិករ ។

លោកបន្តថា បច្ចុប្បន្ននេះ មានក្រុមមួយចំនួនបានផ្ដល់ឥណទានទៅដល់ប្រជាពលរដ្ឋ ដោយមិនត្រឹមត្រូវស្របច្បាប់ ដែលជាកត្តាជំរុញឱ្យប្រជាពលរដ្ឋធ្លាក់ក្នុងវិបត្តិ ឬបំណុលកាន់តែច្រើន ដោយសារតែក្រុមផ្ដល់ឥណទានអត់ច្បាប់ទាំងនោះ បានយកការប្រាក់ពីអតិថិជនច្រើន និងមានលក្ខណៈគម្រាមកំហែងដល់អតិថិជន។

លោកបន្ថែមថា សមាគមមីក្រូហិរញ្ញវត្ថុ និងសមាគមធនាគារនៅកម្ពុជា ក៏ដូចជា អគ្គស្នងការនគរបាលជាតិ នឹងសហការក្នុងការផ្សព្វផ្សាយដល់ពលរដ្ឋ ឱ្យបានយល់ដឹងស៊ីជម្រៅ ពីការទទួលឥណទានពីគ្រឹះស្ថានហិរញ្ញវត្ថុដែលមានច្បាប់អនុញ្ញាតត្រឹមត្រូវ និងចាត់វិធានការចំពោះក្រុមផ្សព្វផ្សាយការផ្ដល់ឥណទានដោយមិនច្បាប់ទាំងនោះផងដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here