វិស័យទេសចរណ៍របស់កម្ពុជារំពឹងងើបឡើងវិញដូចមុនវិបត្តិនៅរយៈពេល៣ឆ្នាំទៀតដោយសារចលករសំខាន់បី

ដោយៈ សុផារី

ភ្នំពេញៈ វិស័យទេសចរណ៍កម្ពុជា កំពុងងើបឡើងវិញបណ្តើរៗ ក្នុងកំណើនល្អគួរឱ្យកត់សម្គាល់ ជាមួយនឹងកំណើនដែលអ្នកជំនាញនានាកំពុងបង្ហាញភាពសុទិដ្ឋិនិយម។

ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានអះអាងថា ប្រសិ​នបើមិនមានបញ្ហាអ្វី មកប៉ះពាល់បន្ថែមទេសចរណ៍កម្ពុជា នឹងអាចងើបឡើងវិញ ដល់ស្ថានភាពមុនវិបត្តិបាន នៅក្នុងរយៈពេល២ទៅ៣ឆ្នាំទៀត ដោយ​សារកត្តាជំរុញចំនួន៣។

លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានមានប្រសាសន៍តាមប្រព័ន្ធតេលេក្រាម នៅចុងសប្តាហ៍កន្លងមកថា ប្រសិនបើមិនមានអ្វីមករំខានទៀតទេ រយៈពេល២ទៅ៣ឆ្នាំយ៉ាងយូរ យើងអាចត្រលប់មករកភាពដើមឡើងវិញហើយ ដោយសារបច្ចុប្បន្ននេះ ប្រទេសកម្ពុជាយើង ចាប់ផ្តើមទទួលបានភ្ញៀវទេសចរបណ្តើរៗវិញហើយ ហើយចលករសំខាន់ៗមួយចំនួន នឹងជំរុញឱ្យស្ថានភាពទេសចរណ៍កម្ពុជា មានភាពល្អប្រសើរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស្រីបញ្ជាក់ថា“ពីថ្ងៃនេះទៅយើងទទួលបានភ្ញៀវបណ្តើរៗហើយ ហើយក្នុងរយៈពេល២ទៅ៣ជាងនឹង យើងនឹងទទួលបានដូចដើមវិញ”។

យោងតាមប្រធានសមាគមរូបនេះបានឱ្យដឹងថា ក្តីសង្ឃឹមនេះជំរុញដោយសារចលករចំនួន៣សំខាន់ៗ រួមមាន ទី១ ការបិទបញ្ចប់គោលនយោ​បាយសូន្យកូវីដ១៩ របស់ប្រទេសចិន ដែលជំរុញឱ្យមានការចេញដើររបស់ជនជាតិចិន។

ចលករសំខាន់ទី២ ដោយសារប្រទេសកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនៃការរៀបចំព្រឹត្តិការណ៍ក៏សំខាន់មួយនោះ ព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ និងប៉ារ៉ាហ្គេម ដែលជាព្រឹត្តិការណ៍ដ៏សំខាន់ សម្រាប់ប្រទេសកម្ពុជា ហើយតាមរយៈព្រឹត្តិការណ៍នេះកម្ពុជារំពឹង ទាក់ទាញបាននូវទេសចរណ៍ជាច្រើន មកពីទូទាំងពិភពលោក។

ទន្ទឹមនឹងនេះ ប្រទេសកម្ពុជាក៏បានដាក់ចេញ​នូវយុទ្ធសាស្ត្រផ្សព្វផ្សា​យ គឺ”ឆ្នាំទស្សនាកម្ពុជា” ដែលត្រូវបានរៀបចំដោយក្រសួងទេសចរណ៍ ហើយនឹងនាំមក នូវការជំរុញការផ្សព្វផ្សាយច្រើន និងការចាប់អារម្មណ៍ច្រើនផងដែរ។

លោកស្រីបានបញ្ជាក់ថា នៅក្នុងការរៀបចំនេះ គណៈកម្មការបានសម្រេចឱ្យមានការរៀបចំកម្មវិធី និងព្រឹត្តិការណ៍តូចធំ នៅតាមបណ្តាខេត្តក្រុងនីមួយ យ៉ាងហោចណាស់ក្នុងមួយខែ១ ដើម្បីទាក់ទាញនិងជំរុញទេស​ចរណ៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here