ការសិក្សា៖ គម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត នឹងពង្រឹងសមត្ថភាពបណ្តាញផ្លូវនៅកម្ពុជា

ដោយ៖ ម៉ាណេត

ភ្នំពេញ៖ គម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត នឹងពង្រឹងសមត្ថភាពបណ្តាញផ្លូវនៅកម្ពុជា ខណៈផ្លូវល្បឿនលឿននេះ នឹងអាចបម្រើសេវាកម្មដឹកជញ្ជូនល្អជាងផ្លូវធម្មតា និងត្រូវបានគេចាត់ទុកជាមូលដ្ឋានសម្រាប់វិស័យឧស្សាហកម្មទំនើបៗ និងសកម្មភាពដឹកជញ្ជូនធន់ធ្ងន់។

យោងតាមការសិក្សារបស់ អង្គការ JICA នាកន្លងមកនេះ បានឱ្យដឹងថា ការសាងសង់បណ្តាញផ្លូវល្បឿនលឿន (Expressway) ជាកត្តាដ៏ធំជាងគេសម្រាប់ពង្រឹងសមត្ថភាពបណ្តាញផ្លូវនៅកម្ពុជាព្រោះ ផ្លូវល្បឿនលឿន អាចបម្រើសេវាកម្មដឹកជញ្ជូនល្អជាងផ្លូវធម្មតា និងត្រូវបានគេចាត់ទុកជាមូលដ្ឋានសម្រាប់វិស័យឧស្សាហកម្មទំនើបៗ និងសកម្មភាពដឹកជញ្ជូនធន់ធ្ងន់ផងដែរ។

ផ្លូវល្បឿនលឿន គឺជាផ្លូវសម្រាប់យានយន្តធ្វើចរាចរណ៍ មានបរិក្ខារបែងចែកទ្រូងផ្លូវជាពីរចំណែកខុសទិសគ្នាឬចែកជាគន្លងផ្លូវ គ្មានកន្លែងផ្លូវប្រសព្វលើផ្ទៃរាបមួយ ឬត្រូវមានផ្លូវប្រសព្វតិចបំផុតក្នុងករណី ចាំបាច់ និងបំពាក់គ្រប់គ្រាន់នូវបរិក្ខារផ្លូវថ្នល់ ដើម្បីធានាលំហូរចរាចរណ៍ សុវត្ថិភាព និងដើម្បីបន្ថយពេលវេលាធ្វើដំណើរ និងមានកន្លែងកំណត់សម្រាប់ឲ្យយានយន្តចេញនិងចូលផ្លូវល្បឿនលឿន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កាលពីខែកញ្ញា ឆ្នាំ២០២០ ក្រសួងសាធារណការ បានចេញប្រកាសព័ត៌មានថា ក្រុមហ៊ុន China Railway International Group Co., Ltd បង្ហាញរបាយការណ៍ស្តីពីលទ្ធផល នៃការសិក្សាបច្ចេកទេស នៃគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងបាវិត។

លោក សូរ វិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំនៅ ទីស្ដីការក្រសួង ដើម្បីពិនិត្យនិងពិភាក្សាលើរបាយកាណ៍ ស្តីពីលទ្ធផលនៃការសិក្សាបច្ចេកទេស នៃគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងបាវិត ដែលលើកឡើងដោយក្រុមហ៊ុនChina Railway International Group Co., Ltd ដោយមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួង និងស្ថាប័នពាក់ព័ន្ធ។

កិច្ចប្រជុំថ្នាក់បច្ចេកទេសនេះរៀបចំឡើងក្នុងគោលបំណងស្ដាប់ការធ្វើបទបង្ហាញរបស់ក្រុមហ៊ុន China Railway International Group Co., Ltd អំពីរបាយការណ៍ស្តីពីលទ្ធផលសិក្សាផ្នែកបច្ចេកទេសលើ គម្រោងហេដ្ឋរចនាសម្ព័ន្ធផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងបាវិត ក៏ដូចជាវេទិកាសួរដេញដោល ផ្ដល់មតិយោបល់ សំណូមពរ និងដំណោះស្រាយពីភាគីពាក់ព័ន្ធ សំដៅឱ្យរបាយការណ៍នេះ មានលក្ខណៈគ្រប់ជ្រុងជ្រោយផងដែរ។

យោងតាមរបាយការណ៍សិក្សារបស់ក្រុមហ៊ុនបានបង្ហាញថា “គម្រោងសាងសង់ផ្លូវនេះមានបីជម្រើស ផ្អែកតាមទីតាំងភូមិសាស្ត្រនិងផលប៉ះពាល់ ជាផ្លូវរចនាឡើងសម្រាប់ល្បឿនលឿនបំផុតត្រឹម១២០គីឡូ ម៉ែត្រក្នុងមួយម៉ោងស្របតាមអនុស្សរណៈយោគយល់រវាងកម្ពុជា និងវៀតណាម”។

លោក រដ្ឋលេខាធិការបានឱ្យដឹងថា “ក្រសួងក៏ដូចជារាជរដ្ឋាភិបាលត្រូវការសិក្សាពិនិត្យឱ្យបានគ្រប់ ជ្រុងជ្រោយលើជម្រើសផ្លូវទាំងបីនេះ មុននឹងធ្វើការសម្រេចថាតើត្រូវជ្រើសរើសយកជម្រើសផ្លូវមួយណា ជាពិសេស ក្រសួងរង់ចាំលទ្ធផលរបាយការណ៍សិក្សាផ្នែកហិរញ្ញវត្ថុពីក្រុមហ៊ុននៅពាក់កណ្ដាលខែតុលា ឆ្នាំ២០២០ខាងមុខនេះ ដើម្បីយកជាមូលដ្ឋានក្នុងការសម្រេចចិត្ត”។
លើសពីនេះទៀត លោក បានបន្តថា៖ ការជ្រើសរើសយកជម្រើសណាមួយនោះត្រូវផ្ដោត ជាសំខាន់លើក្របខណ្ឌនៃផលប៉ះពាល់សង្គម សេដ្ឋកិច្ច និងថវិកាសម្រាប់សាងសង់។

លោករដ្ឋលេខាធិការបានសម្ដែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការធ្វើ បទបង្ហាញរបស់ក្រុមហ៊ុន និងស្ថាប័នពាក់ព័ន្ធទាំងអស់ដែលបានផ្ដល់ធាតុចូលយ៉ាងសំខាន់ និងមានតម្លៃបំផុតដើម្បីឱ្យការរៀបចំរបាយការណ៍ ស្តីពីលទ្ធផលនៃសិក្សាគម្រោងផ្នែកបច្ចេកទេស នៃគម្រោងសាងសង់ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតនេះកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ។
លោករដ្ឋលេខាធិការបានស្នើឱ្យភាគី និងស្ថាប័នពាក់ព័ន្ធ បន្តចូលរួមកិច្ចប្រជុំប្រចាំខែលើការពិនិត្យ វឌ្ឍនភាពគម្រោងនេះ ដើម្បីផ្ដល់កិច្ចសហការ និងជួយដោះស្រាយនូវបញ្ហាមួយចំនួនដែលក្រុមហ៊ុនមិន អាចដោះស្រាយបានសំដៅឱ្យគម្រោងនេះមានដំណើរការរលូន។

រហូតមកដល់ពេលនេះ ការសិក្សាផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ ទៅបាវិត ព្រំដែនកម្ពុជា-វៀតណាម បានសិក្សារួចរាល់ចប់សព្វគ្រប់អស់ហើយ ដែលត្រូវចំណាយថវិកាធ្វើអស់ប្រមាណ៣,៨០០លានដុល្លារ សម្រាប់សាងសង់។

រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យទីភ្នាក់ងារសហប្រតិបត្តិការ អន្ដរជាតិនៃប្រទេសជប៉ុន (JICA) ធ្វើការសិក្សាផ្លូវល្បឿនលឿន ពីរាជធានីភ្នំពេញទៅបាវិត ដែលមានចម្ងាយផ្លូវប្រវែង១៦០គីឡូម៉ែត្រ ដើម្បីធ្វើការសាងសង់ផ្លូវនេះ។ បន្ទាប់ពីធ្វើការសិក្សារួច ផ្លូវនេះនឹងត្រូវចំណាយថវិកាប្រមាណ៣,៨០០លានដុល្លារ ដែលការចំណាយយ៉ាងច្រើនបែបនេះ ដោយសារតែផ្លូវដែលត្រូវសាងសង់ គឺមានលិចទឹក ហើយកាត់តាមបឹង ឬតំបន់លិចទឹកច្រើន ដែលមានប្រវែងរហូតដល់៨០គីឡូម៉ែត្រ បានធ្វើឱ្យតម្លៃក្នុងការចំណាយសាងសង់ច្រើន៕

LEAVE A REPLY

Please enter your comment!
Please enter your name here