សហរដ្ឋអាមេរិកស្នើឱ្យ World Bank ធ្វើកំណែទម្រង់ឱ្យបានកាន់តែឆាប់រហ័ស

សុខុម

អន្តរជាតិ: រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោកស្រី Janet Yellen បានលើកឡើងកាលពីថ្ងៃអាទិត្យ ចុងសប្ដាហ៍កន្លងទៅថា សហរដ្ឋអាមេរិក ចង់ឃើញធនាគារពិភពលោក (World Bank) ធ្វើកំណែទម្រង់ឱ្យបានកាន់តែឆាប់រហ័ស។

យោងតាមសារព័ត៌មាន The Edge Markets ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី២៣ ខែមករា ឱ្យដឹងថា ធនាគារពិភពលោកមានផែនការពង្រីកសមត្ថភាពផ្តល់ប្រាក់កម្ចីរបស់ខ្លួន ដើម្បីដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ និងវិបត្តិពិភពលោកផ្សេងទៀត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

“ផែនទីបង្ហាញផ្លូវវិវត្តន៍” របស់ធនាគារពិភពលោកដែលទីភ្នាក់ងារព័ត៌មាន Reuters បានចុះផ្សាយកាលពីដើមខែនេះ អំពាវនាវឱ្យធនាគារនេះចរចាជាមួយបណ្ដាម្ចាស់ភាគហ៊ុនឱ្យបានមុនកិច្ចប្រជុំនៅខែមេសា ស្ដីពីសំណើនានាដែលរួមបញ្ចូលការបង្កើនដើមទុន និងឧបករណ៍ផ្តល់ប្រាក់កម្ចីថ្មីៗផងដែរ។

សហរដ្ឋអាមេរិក អំពាវនាវឱ្យគណៈគ្រប់គ្រងធនាគារពិភពលោកបង្កើតសំណើជាក់លាក់មួយចំនួនដើម្បីផ្លាស់ប្តូរបេសកកម្ម គំរូប្រតិបត្តិការ និងសមត្ថភាពហិរញ្ញវត្ថុរបស់ខ្លួនដែលអាចនឹងត្រូវអនុម័តដោយធនាគារពិភពលោករួមគ្នាជាមួយគណៈកម្មាធិការអភិវឌ្ឍន៍នៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នៅខែតុលា ខាងមុខ។

ផែនការនេះបង្ហាញពីការចាប់ផ្តើមដំណើរការចរចាដើម្បីកែប្រែបេសកកម្ម និងធនធានហិរញ្ញវត្ថុរបស់ធនាគារនេះ ហើយងាកចេញពីគំរូកម្ចីផ្ដោតលើគម្រោងជាក់លាក់ដែលត្រូវបានប្រើប្រាស់ចាប់តាំងពីធនាគារនេះបង្កើតឡើងនៅពេលសង្គ្រាមលោកលើកទី២ បានបញ្ចប់។

លោកស្រី Janet Yellen និយាយថា ផែនទីបង្ហាញផ្លូវរបស់ធនាគារពិភពលោកគឺជា “ឯកសារស្ថាបនា” ហើយបានបង្កើតនូវមូលដ្ឋានដ៏ល្អសម្រាប់ការពិភាក្សា ប៉ុន្តែមានការងារបន្ថែមទៀតដែលចាំបាច់ត្រូវធ្វើ៕

LEAVE A REPLY

Please enter your comment!
Please enter your name here