អ្នកជំនាញពន្យល់ថា អនុវត្តអត្រាពន្ធលើប្រាក់បៀវត្សថ្មីជាការបន្ធូរបន្ថយ​ មិនមែនបន្ថែមអត្រាពន្ធទេ

ដោយ៖ សូរិយា

ភ្នំពេញ៖ នៅដើមឆ្នាំ២០២៣នេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីណែនាំថ្មីមួយ ស្តីពីការអនុវត្តអត្រាពន្ធលើប្រាក់បៀវត្សថ្មី ដោយដំឡើងកម្រិតប្រាក់បៀវត្សជាប់ពន្ធ ដល់លើស១.៥០០.០០០រៀល។

ជុំវិញបញ្ហានេះ​ លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានលើកឡើងថា ការអនុវត្តអត្រាពន្ធលើប្រាក់បៀវត្សថ្មី ដែលទើបតែចេញថ្មីៗកន្លងទៅនេះ ធ្វើឲ្យមហាជនមួយចំនួន មានការយល់ច្រលំថា រាជរដ្ឋាភិបាលបន្ថែមអត្រាពន្ធលើប្រាក់បៀវត្ស ប៉ុន្ដែតាមពិតរាជរដ្ឋាភិបាលបានបន្ធូរបន្ថយទៅវិញនោះទេ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានពន្យល់ថា “សេចក្ដីណែនាំថ្មីនេះមានន័យថា ទាល់តែកម្រិតប្រាក់បៀវត្សដែលទទួលបានមានចំនួនច្រើនខ្ពស់ជាងមុន ទើបអាចជាប់ពន្ធលើប្រាក់បៀវត្ស។ ប្រសិនបើប្រាក់បៀវត្សនៅត្រឹមកម្រិត ១លាន៣សែនរៀល ដដែល ឬមានការកើនឡើងរហូតដល់ត្រឹម ១លាន៥សែន រៀល នោះមិនមានការជាប់ពន្ធលើប្រាក់បៀវត្សឡើយ”។

លោកបានបន្តថា “ហេតុនេះ ការដំឡើងកម្រិតពិដានបៀវត្សជាប់ពន្ធថ្មីរបស់រាជរដ្ឋាភិបាលនេះ គឺក្នុងន័យបន្ធូរបន្ថយទៅវិញទេ ដើម្បីសម្រួលដល់ជីវភាពប្រជាពលរដ្ឋ ជាពិសេសបងប្អូនកម្មករ-និយោជិត ដែលទទួលបានបៀវត្សត្រឹម ១លាន៥សែនរៀល ចុះគឺមិនមានជាប់ពន្ធលើប្រាក់បៀវត្សនោះទេ”។

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានឲ្យដឹងថា ផ្អែកលើការបង្ហាញភ័ស្តុតាងនៃស្ថានភាពគ្រួសារ មន្ត្រីរាជការ គ្រូបង្រៀន គ្រូពេទ្យ និងកម្មករនិយោជិត ដែលមានបន្ទុកចិញ្ចឹមកូន ប្តីឬប្រពន្ធ ត្រូវបានអនុញ្ញាតឲ្យកាត់បន្ថយមូលដ្ឋានគិតពន្ធ លើប្រាក់បៀវត្សចំពោះកូនក្នុងបន្ទុក និងសហព័ទ្ធជាមេផ្ទះ ក្នុងម្នាក់ៗ១៥០.០០០រៀលក្នុងមួយខែ។

ការកាត់បន្ថយនេះ ធ្វើឲ្យមូលដ្ឋានគិតពន្ធលើប្រាក់បៀវត្ស កាន់តែទាបដែលនាំឲ្យមន្ត្រីរាជការ គ្រូបង្រៀន គ្រូពេទ្យ និងកម្មករនិយោជិត ដែលមានបន្ទុកចិញ្ចឹមកូន ប្តីឬប្រពន្ធ និងដែលមានប្រាក់បៀវត្ស ក្នុងរង្វង់ពី១.៥០០.០០១រៀល ដល់២.០០០.០០០រៀល (ប្រមាណពី៣៧៥ ទៅ ៥០០ដុល្លារអាមេរិក) ក៏អាចនឹងរួចផុតពីការបង់ពន្ធ លើប្រាក់បៀវត្ស ផ្អែកទៅតាមចំនួនកូន ក្នុងបន្ទុក  និងប្ដីឬប្រពន្ធជាមេផ្ទះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here