កម្ពុជាជំរុញធុរជនទីម័រឡេស្ដមកវិនិយោគនៅកម្ពុជានិងប្រកាសគាំទ្រទីម័រឱ្យក្លាយជាសមាជិក WTO

ដោយ៖ សុផារី

ស្វីស៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ បានជំរុញឱ្យលោក José Ramos-Horta ប្រធានាធិបតីនៃប្រទេសទីម័រឡេស្ដ លើកទឹកចិត្តឱ្យធុរជនទីម័រឡេស្ដ មកធ្វើការសិក្សាពីសក្តានុពលនៃការវិនិយោគនៅក្នុងប្រទេសកម្ពុជា និងប្រកាសប្រកាសគាំទ្រទីម័រឱ្យក្លាយជាសមាជិក WTO។

ក្នុងជំនួបទ្វេភាគីនេះ លោករដ្ឋមន្ត្រីបានលើកឡើងវិញអំពីយោបល់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានលើកទឹកចិត្តឲ្យវិស័យឯកជនរបស់ទីម័រឡេស្ដេ ធ្វើការវិនិយោគនៅកម្ពុជា ជាពិសេសក្នុងវិស័យស្រូវអង្ករ ក្នុងអំឡុងពេលដែលថ្នាក់ដឹកនាំកំពូលទាំងពីរជួបពិភាក្សាទ្វេភាគីក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តមប្រធានាធិបតីទីម័រឡេស្ដេនៅកម្ពុជាក្នុងឆ្នាំ២០២២។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកក៏បានសម្ដែងនូវការអបអរសាទរចំពោះការប្រកាសជាផ្លូវការចំពោះការចូលជាសមាជិករបស់ប្រទេសទីម័រឡេស្ដេក្នុងអាស៊ាន ដែលបានធ្វើឡើងក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ កាលពីខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅក្រោមការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា។

ជាមួយនោះដែរ លោករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីការតាំងចិត្តខ្ពស់របស់កម្ពុជានៅក្នុងដំណើរការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោករបស់ទីម័រឡេស្ដេផងដែរ ជាពិសេសការគាំទ្ររបស់កម្ពុជាក្នុងដំណើរការចរចានានា ដើម្បីទីម័រឡេស្ដេអាចចូលជាសមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោកបានក្នុងឆ្នាំ២០២៣ តាមបំណងរបស់រដ្ឋាភិបាលទីម័រឡេស្ដេ។

លោកប្រធានាធិបតីទីម័រឡេស្ដេក៏បានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាចំពោះទីម័រឡេស្ដេ ហើយនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការកម្ពុជា-ទីម័រឡេស្ដេឲ្យរឹតតែជិតស្និតបន្ថែមទៀត ក្នុងគ្រប់វេទិកាទាំងអស់៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here