លោកឧកញ៉ាហួត អៀងតុងៈធនាគារហត្ថាប្រមូលទុនបានជិត១០០លានដុល្លារពីការលក់សញ្ញាប័ណ្ណនៅផ្សារហ៊ុនរបស់ថៃ

 ដោយៈ គង់ សូរិយា

       បាងកកៈ ធនាគារហត្ថាបានដាក់លក់សញ្ញាប័ណ្ណ ឬប័ណ្ណបំណុលរបស់ខ្លួនជាលើកដំបូង នៅក្នុងផ្សារហ៊ុនរបស់ប្រទេសថៃ ដោយប្រមូលបានទុនជិត១០០លានដុល្លារអាមេរិក។

ប្រធានអគ្គនាយកធនាគារហត្ថា លោកឧកញ៉ាហួត អៀងតុងបានមានប្រសាសន៍ឲ្យដឹងកាលពីល្ងាច ថ្ងៃទី១៧ ​មករាកន្លងមកថា ការលក់ប័ណ្ណបំណុលនៅផ្សារហ៊ុនរបស់ប្រទេសថៃ បានចាប់ផ្តើមនៅដើមខែមករានេះ ដែលជាលទ្ឋផលគឺគាប់ប្រសើរ ព្រោះយើងត្រូវការប្រមូលទុនបន្ថែម ដើម្បីផ្តល់ឥណទានដល់អតិថិជន ដើម្បីរួមចំណែកលើកស្ទួយសេដ្ឋកិច្ចកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា “នេះបង្ហាញពីឧត្តមភាពរបស់យើង នៅក្នុងទីផ្សារបរទេ​ស ក៏ដូចជាទីផ្សារហិរញ្ញវត្ថុនៅកម្ពុជា ដែលធ្វើឲ្យអតិថិជនរបស់យើង​កាន់​តែមានទំនុកចិត្តបន្ថែមទៀត”។ លោកបន្តថា “ការរីកចម្រើនរបស់ធនាគារ​ហត្ថា ដោយសារការគាំទ្រពីអតិថិជន ព្រោះយើងផ្តោតលើសេវាកម្មអតិថិជនកាន់តែមានភាពងាយស្រួល និងទទួលបានទំនុកចិត្តកាន់តែខ្ពស់ ដោ​យសារយើងយកអតិថិជនជាដៃគូរបស់យើង”។

លោកឧកញ៉ាហួត អៀងតុងបានបន្តថា ជាមួយនឹងវឌ្ឍនភាពនេះ ធនាគារហត្ថា ក៏បានទទួលបានជោគជ័យ លើការដាក់ដំណើរការសេវាកម្ម ធនាគារចល័តកាលពីដើមឆ្នាំនេះ ពិសេសយើងទទួលបានផលចំណេញប្រ​មាណ៦០លានដុល្លារកាលពីឆ្នាំ២០២២ ដែលផលចំណេញនេះសម្រេចបានលើសពីគោលដៅដែលបានគ្រោងទុក។

ធនាគារហត្ថា បានប្រែក្លាយពីមីក្រូហិរញ្ញវត្ថុហត្ថាកសិករ ទៅជាធនា​គារពាណិជ្ជ ហើយបានក្លាយជាបុត្រសម្ព័ន្ឋរបស់ធនាគារក្រុងស្រ៊ី ដែលជាធនាគារឈានមុខមួយនៅប្រទេសថៃ។ ការក្លាយជាបុត្រសម្ព័ន្ឋនេះ បានធ្វើឲ្យធនាគារហត្ថា ក្លាយជាធនាគារពាណិជ្ជឈានមុខមួយ ក្នុងចំណោមធនាគារពាណិជ្ជធំៗនៅកម្ពុជា៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here