ក្រសួងឧស្សាហកម្ម និងJICA គ្រោងចាប់ផ្តើមគម្រោងបង្កើតផែនការអភិវឌ្ឍន៍វិស័យទឹកស្អាតនៅតាមទីប្រជុំជន

ដោយៈ សុផារី

ភ្នំពេញៈ ក្រសួងឧស្សាហកម្ម និងទីភ្នាក់ងារសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន(JICA) គ្រោងចាប់ផ្តើមគម្រោងបង្កើតផែន​ការអភិវឌ្ឍន៍វិស័យទឹកស្អាតទីប្រជុំជន ដែលរំពឹងថានឹងត្រូវចាប់ផ្តើមអនុវត្ត នៅពាក់កណ្តាលឆ្នាំ២០២៣។

នេះបើតាមសេចក្តីប្រកាសព័ត៌មានរួម នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា គម្រោងនេះ គឺជាគម្រោងកិច្ចសហប្រតិបត្តិការបច្ចេកទេសទី៥ ក្នុងវិស័យទឹកស្អាតចាប់ពីឆ្នាំ២០០៣។

គោលដៅរំពឹងទុករបស់គម្រោង គឺដើម្បីលើកកម្ពស់សមត្ថភាពមន្ត្រីជំនាញពាក់ព័ន្ធរបស់ក្រសួង និងមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងការរៀបចំបទបញ្ញត្តិ និងការគ្រប់គ្រងអង្គភាពទឹកស្អាតទីប្រជុំជន តាមរយៈការរៀបចំនូវគោលការណ៍ណែនាំ អំពីការអភិវឌ្ឍន៍វិស័យទឹកស្អាតនៅទីប្រជុំជន គំរូផែនការអភិវឌ្ឍន៍ទឹកស្អាត នៅទីប្រជុំជនថ្នាក់ខេត្ត និងគំរូផែនការមេសម្រាប់អង្គភាពទឹកស្អាតសាធារណៈ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គម្រោងនេះនឹងរួមចំណែក ធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានទឹកស្អាត ដែលមានគុណភាព សុវត្ថិភាព និរន្តរភាព និងតម្លៃសមរម្យនៅក្នុងប្រទេសកម្ពុជា។

គម្រោងនេះ ក៏នឹងជួយដល់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងការរៀបចំគោលការណ៍ណែនាំ និងផែនការអភិវឌ្ឍន៍វិស័យទឹកស្អាត តាមរយៈការកសាងសមត្ថភាពជាបន្តបន្ទាប់ ដល់មន្ត្រីជំនាញពាក់ព័ន្ធរបស់ក្រសួង និងមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។

ផ្អែកលើឯកសារកិច្ចព្រៀង កំណត់ហេតុនៃកិច្ចពិភាក្សា គម្រោងនេះរំពឹងថា នឹងត្រូវចាប់ផ្តើមអនុវត្តនៅពាក់កណ្តាលឆ្នាំ២០២៣ ខាងមុខនេះ ដោយមានគោលបំណង រៀបចំគោលការណ៍ណែនាំ អំពីការអភិវឌ្ឍន៍វិស័យទឹកស្អាតទីប្រជុំជន គំរូផែនការអភិវឌ្ឍន៍ទឹកស្អាតទីប្រជុំជនថ្នាក់ខេត្ត និងគំរូផែនការមេ សម្រាប់អង្គភាពទឹកស្អាតសាធារណៈនៅខេត្តគោលដៅ។

សកម្មភាពរបស់គម្រោង ក៏នឹងរួមបញ្ចូលទាំងការកសាងសមត្ថភាពមន្ត្រីជំនាញពាក់ព័ន្ធរបស់មន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យានិង នវានុវត្តន៍ផងដែរ។

JICA គឺជាដៃគូអភិវឌ្ឍដ៏យូរអង្វែងមួយ ក្នុងវិស័យទឹកស្អាតនៅកម្ពុជា ដែលតាមរយៈJICA រដ្ឋាភិបាលជប៉ុនប្តេជ្ញាធ្វើការយ៉ាងជិតស្និទ្ធ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងភាពជាដៃគូយុទ្ធសាស្រ្ត រយៈពេលវែងជា​មួយនឹងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីសម្រេចឱ្យបាននូវការទទួលបានទឹកស្អាត និងមានសុវត្ថិភាពសម្រាប់ប្រជាជនកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here