កម្ពុជារកចំណូលបានជាង៥៣១លានដុល្លារពីការនាំចេញជ័រកៅស៊ូនិងឈើកៅស៊ូនៅឆ្នាំ២០២២

ដោយ៖ សុផារី

ភ្នំពេញ៖ នៅឆ្នាំ២០២២ កម្ពុជារកចំណូលបានជាង៥៣១លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ។ នេះបើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣។

បរិមាណនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ នៅឆ្នាំ២០២២ មានការកើនឡើង ប៉ុន្ដែចំណូលថយចុះ ដោយសារតម្លៃលក់ជ័រកៅស៊ូធ្លាក់ចុះប្រមាណ ២២៥ដុល្លារក្នុង១តោន បើធៀបនឹងឆ្នាំ២០២១។


ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

របាយការណ៍បានបញ្ជាក់ថា ចំណូលសរុបឆ្នាំ២០២២ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ មានចំនួន ៥៣១.៨៦៣.៨៤២ដុល្លារ ក្នុងនោះចំណូលពីការនាំចេញជ័រកៅស៊ូ ចំនួន៥២៧.៧៧៤.៥៦៩ដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូ ចំនួន៤.០៨៩.២៧៣ដុល្លារ។

ចំពោះបរិមាណ នៃការនាំចេញនៅឆ្នាំ២០២២ កម្ពុជាបាននាំចេញជ័រកៅស៊ូចំនួន៣៧២.៩០០តោន បានកើនឡើងចំនួន៦.៦០០តោន ស្មើនឹង២% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ រីឯការនាំចេញឈើកៅស៊ូវិញ សម្រេចបានចំនួន២៦.៤៨៩ម៉ែត្រគូប។


បើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ បានគូសបញ្ជាក់ថា សម្រាប់តម្លៃលក់ជ័រកៅស៊ូមធ្យម នៅឆ្នាំ២០២២ ថ្លៃ១.៤១៥ដុល្លារ ក្នុងមួយតោន បានថយចុះចំនួន២២៥ដុល្លារ ក្នុងមួយតោន ស្មើនឹង១៤% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។

គិតត្រឹមឆ្នាំ២០២២ ផ្ទៃដីកៅស៊ូសរុបមានចំនួន៤០៤.៥៧៨ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន៣១៥.៣៣២ហិកតា ស្មើនឹង៧៨% និងផ្ទៃដីថែទាំមានចំនួន៨៩.២៤៦ហិកតា ស្មើនឹង២២%៕


LEAVE A REPLY

Please enter your comment!
Please enter your name here