ធនាគារលំដាប់យក្សអាមេរិកGoldman Sachsគ្រោងកាត់បន្ថយការងាររហូតដល់៣.២០០កន្លែង

ដោយ: គង់ លាងហួរ

អន្តរជាតិ: ធនាគារវិនិយោគអាមេរិក និងជាក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុ  Goldman Sachs គ្រោងនឹងកាត់បន្ថយការងារចំនួន៣.២០០ការងារ និងអាចប្រកាសពីរឿងនេះនៅដើមសប្តាហ៍នេះ។ នេះបើតាមប្រភពជិតស្និទ្ធនឹងបញ្ហានេះ។

ធនាគារ​វិនិយោគ​អាមេរិក​មួយនេះ មិន​បាន​ឆ្លើយ​តប​នឹង​សំណួរ​របស់សារពត៌មាន AFP ដែល​សុំការ​ធ្វើអត្ថាធិប្បាយ​នោះទេ។

ប្រភពជិតស្និទ្ធនឹងបញ្ហានេះបានឱ្យដឹងថា ការងារអតិបរមាចំនួន៣.២០០នឹងត្រូវបានលុបចោល ពោលគឺតិចជាងតួលេខ៤.០០០ការងារ ដែលបានលើកឡើង ក្នុងសារព័ត៌មានកាលពីខែធ្នូ ឆ្នាំ២០២២។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាធម្មតា ក្រុមហ៊ុន Goldman Sachs កាត់បន្ថយការងារ ប្រហែលពី១ទៅដល់៥ភាគរយជារៀងរាល់ឆ្នាំ ដោយផ្តោតលើបុគ្គលិកដែលមិនបំពេ​ញការងារមិនសូវបានល្អ។

យោងតាមបុគ្គលម្នាក់ ដែលដឹងពីបញ្ហានេះបានបញ្ជាក់ប្រាប់សារពត៌មាន AFP នៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០២២ ថា ការកាត់បន្ថយការងារ នៅឆ្នាំនេះ នឹងមានភាពស៊ីជម្រៅជាងធម្មតា ដោយសារទស្សនវិស័យសេដ្ឋកិច្ចមានភាពមិនច្បាស់លាស់ និងកំណើនបុគ្គលិករបស់ ក្រុមហ៊ុន Goldman ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។

បុគ្គលិករបស់ក្រុមហ៊ុន Goldman មានចំនួន៤៩.១០០ នាក់នៅដំណាច់ខែតុលា ឆ្នាំ២០២២ ពោលគឺកើនឡើងជិត៣០ភាគរយ ពីដំណាច់ឆ្នាំ២០១៩ បន្ទាប់ពីមានយុទ្ធនាការជួល និងការទិញយក។

ផែនការកាត់បន្ថយការងារ បានកើតឡើងស្របពេលដែលក្រុមហ៊ុន Goldman Sachs និងធនាគារវិនិយោគផ្សេងទៀតបានមើលឃើញថា មានការធ្លាក់ចុះនៃថ្លៃសេវា ដែលទាក់ទងនឹងការបោះផ្សាយ មូលបត្រសាធារណៈជាលើកដំបូង និងទស្សនវិស័យអាប់អួរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here