ប្រទេសឥណ្ឌាកំពុងវ៉ាប្រទេសចិនក្លាយជាប្រទេសផលិតកម្មទូរសព្ទដៃiPhoneកំពូលត្រឹមឆ្នាំ២០២៧

ដោយ: គង់ លាងហួរ

អន្តរជាតិ: ប្រទេសឥណ្ឌា ត្រូវបានគេរំពឹងថា នឹងមានសមត្ថភាពផលិតទូរសព្ទដៃ iPhones របស់ក្រុមហ៊ុន Apple ដល់ទៅ៥០ភាគរយ នៅឆ្នាំ២០២៧ ពោលគឺកើនឡើងពីតិចជាង៥ភាគរយ នាពេលបច្ចុប្បន្ន ដើម្បីឈានទៅស្មើនឹងទំហំផលិតកម្មនៅក្នុងប្រទេសចិន។

លោក Luke Lin អ្នកវិភាគនៅអង្គភាពស្រាវជ្រាវកាសែរបស់តៃវ៉ាន់ Digi Times ដែលផ្តោតលើបច្ចេកវិទ្យាបានមានប្រសាសន៍ថា ល្បឿននៃការផ្លាស់ប្តូរស្រុកខ្សែសង្វាក់ផ្គត់ផ្គង់ទៅកាន់ប្រទេសឥណ្ឌានឹងត្រូវបានពន្លឿននៅពេលអនាគត ដោយសារតែមានតម្រូវការធ្វើពិពិធកម្ម ខណៈមានភាពមិនច្បាស់លាស់ ក្នុងការគ្រប់គ្រងជំងឺរាតត្បាត របស់ប្រទេសចិន។

ប្រទេសឥណ្ឌា ដែលបានវ៉ាដាច់ចក្រភពអង់គ្លេសកាលពីឆ្នាំមុន ដើម្បីដណ្តើមចំណាត់ថ្នាក់ជាប្រទេស ដែលមានសេដ្ឋកិច្ចធំជាងគេទី៥របស់ពិភពលោក ត្រូវបានគេព្យាករណ៍រួចហើយថា នឹងមានរហូតដល់២៥ភាគរយនៃផលិតកម្ម iPhone សរុប នៅចុងឆ្នាំ២០២៣ និងរហូតដល់៤០ភាគរយ នៅឆ្នាំ២០២៥។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រទេសចិន មានផលិតកម្មទូរសព្ទដៃ iPhone រហូតទៅដល់៨៥ភាគរយនៅ ទូទាំងពិភពលោកកាលពីឆ្នាំ២០២២ កំពុងមានហានិភ័យនៃការបាត់បង់តួនាទីលេចធ្លោរបស់ខ្លួន ជាមជ្ឈមណ្ឌលផលិតកម្ម សម្រាប់ឧបករណ៍ Apple ដោយសារតែទំនាក់ទំនងវាងសហរដ្ឋអាមេរិក និងចិន ។

លោក Luke Lin រំពឹងថា ប្រទេសឥណ្ឌា និងវៀតណាម នឹងក្លាយជា “អ្នកទទួលផលដ៏ធំបំផុត” ពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន Apple ដើម្បីផ្លាស់ប្តូរខ្សែសង្វាក់ផ្គត់ផ្គង់ផលិតកម្មរបស់ខ្លួនបន្ថែមទៀត ចេញពីប្រទេសចិន។

ក្រុមហ៊ុន Foxconn Technology Group ដែលមានមូលដ្ឋាននៅតៃវ៉ាន់ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា Hon Hai Precision Industry គឺជាអ្នកម៉ៅការក្រុមហ៊ុន Apple ដ៏ខ្លាំងក្លាបំផុតមួយ ក្នុងការជំរុញកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួននៅក្នុងប្រទេសឥណ្ឌា។

កាលពីខែធ្នូកន្លងទៅ ក្រុមហ៊ុន Foxconn បានធ្វើការបញ្ចូលសាច់ប្រាក់ចំនួន៥០០លានដុល្លារអាមេរិក ទៅក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន គឺក្រុមហ៊ុន Foxconn Hon Hai Technology India Mega Development។

ចំណែក ក្រុមហ៊ុនទូរសព្ទ​ស្មាត​ហ្វូន​ធំៗ​ផ្សេង​ទៀត​ក៏​កំពុង​បង្កើន​ការ​ផលិត​របស់​ខ្លួន​នៅ​ក្រៅ​ប្រទេស​ចិន​ផង​ដែរ​ ។ នេះ​បើ​យោង​តាម​របាយការណ៍​របស់ Digi Times។ ជាក់ស្តែង ក្រុមហ៊ុន Samsung Electronics បាននឹងកំពុងផ្លាស់ប្តូរសមត្ថភាពផលិតស្មាតហ្វូន Android របស់ខ្លួនកាន់តែច្រើនចេញពីប្រទេសចិន ចាប់តាំងពីឆ្នាំ២០១៩ មកកាន់ប្រទេសវៀតណាមជាចម្បង៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here