ធនាគារកណ្តាលចិនសន្យាគាំទ្រគោលនយោបាយបន្ថែមទៀត សម្រាប់សេដ្ឋកិច្ចជាតិ

ដោយ: លាងហួរ
ប៉េកាំង: ធនាគារកណ្តាលរបស់ប្រទេសចិនបានឱ្យដឹង កាលពីថ្ងៃសុក្រ ទី៣០ ខែធ្នូ ថា ខ្លួននឹង បង្កើនការអនុវត្តគោលនយោបាយរូបិយវត្ថុ ដោយប្រុងប្រយ័ត្ន តាមរយៈការរក្សាសាច់ប្រាក់ងាយស្រួលគ្រប់គ្រាន់ និងរក្សាកំណើនឥណទាន។

ធនាគារកណ្តាលចិនបានឱ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីកិច្ចប្រជុំប្រចាំត្រីមាសនៃគណៈកម្មាធិការគោលនយោបាយរូបិយវត្ថុរបស់ខ្លួនថា ធនាគារប្រជាជនចិន នឹងរក្សាកំណើននៃការផ្គត់ផ្គង់ប្រាក់ និងហិរញ្ញប្បទានសង្គមសរុបជាមូលដ្ឋាន ស្របតាមកំណើនសេដ្ឋកិច្ចបន្ទាប់បន្សំ។

ក្រុមថ្នាក់ដឹកនាំចិនបានសន្យាថា នឹងផ្តោតលើស្ថិរភាពសេដ្ឋកិច្ចនៅឆ្នាំ២០២៣ និងបង្កើនការកែសម្រួលគោលនយោបាយ ដើម្បីទប់ស្កាត់ផលប៉ះពាល់ពីការកើនឡើងនៃការឆ្លងជំងឺកូវីដ ស្របពេលដែល ភាពចុះខ្សោយនៃសេដ្ឋកិច្ចពិភពលោក កំពុងជះផលប៉ះពាល់ដល់ការនាំចេញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ធនាគារកណ្តាលចិនបញ្ជាក់ថា“យើង​នឹង​បង្កើន​ការ​អនុវត្ត​គោល​នយោបាយ​រូបិយវត្ថុ​ ដែល​មាន​ការ​ប្រុង​ប្រយ័ត្ន មាន​ភាព​ច្បាស់លាស់ និង​មាន​កម្លាំង”។

ធនាគារនេះបន្តថា “យើងត្រូវប្រឹងប្រែងធ្វើយ៉ាងណារក្សាស្ថិរភាពកំណើនការងារ និងតម្លៃ ហើយយើង​ត្រូវ​គាំទ្រ​ដល់​ការ​ពង្រីក​តម្រូវ​ការ​ក្នុង​ស្រុក និង​ផ្តល់​ការ​គាំទ្រ​ខ្លាំង​ជាង​មុន​ សម្រាប់​សេដ្ឋកិច្ច​ពិតប្រាកដ”។

ធនាគារកណ្តាលនឹងបង្កើនភាពបត់បែនរបស់ប្រាក់យ័ន និងរក្សារូបិយប័ណ្ណជាមូលដ្ឋានឱ្យមានស្ថេរភាព។

ប្រទេសចិននឹងជំរុញឱ្យមានការរៀបចំរចនាសម្ព័ន្ធឡើងវិញ ការរួមបញ្ចូលគ្នា និងការទិញយកក្រុមហ៊ុនអចលនទ្រព្យ និងណែនាំក្រុមហ៊ុនវេទិកា ឱ្យធ្វើអាជីវកម្មហិរញ្ញវត្ថុ ដែលមានការគ្រប់គ្រង និងមានសុខភាពល្អ៕

LEAVE A REPLY

Please enter your comment!
Please enter your name here