ប្រទេសចិនគ្រោងកែសម្រួលពន្ធពាណិជ្ជកម្មលើទំនិញមួយចំនួនចាប់ ពីដើមឆ្នាំ២០២៣

ដោយ: លាងហួរ

ប៉េកាំង: ក្រសួងហិរញ្ញវត្ថុចិនបានឱ្យដឹង កាលពីថ្ងៃព្រហស្បតិ៍ ទី២៩ ខែធ្នូ នេះ ថា ប្រទេសចិននឹង កែសម្រួលពន្ធលើការនាំចូល និងនាំចេញ សម្រាប់ទំនិញមួយចំនួន ចាប់ពីថ្ងៃទី០១ ខែមករា ដើម្បីបង្កើនល្បឿននៃការអភិវឌ្ឍ និងពង្រីកតម្រូវការនៅក្នុងស្រុក។

គណៈកម្មការពន្ធគយនៃក្រុមប្រឹក្សារដ្ឋ ឬគណៈរដ្ឋមន្ត្រីរបស់ប្រទេសចិន បានលើកឡើងថា ពន្ធនាំចេញលើអាលុយមីញ៉ូម នឹងត្រូវដំឡើងថ្លៃ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រសួងហិរញ្ញវត្ថុចិនក៏បានឱ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍ ដាច់ដោយឡែកមួយផងដែរថា ពន្ធនាំចូលបច្ចុប្បន្ន នឹងត្រូវបន្តលើធ្យូងថ្មចំនួន៧ប្រភេទ រហូតដល់ថ្ងៃទី៣១ ខែ មីនា ឆ្នាំ២០២៣ ។

ក្រោយពីទីក្រុងប៉េកាំង បានប្រកាសបោះបង់គោលនយោបាយសូន្យកូវីដរបស់ខ្លួន ប្រទេសនេះនឹងកំណត់ពន្ធដល់សូន្យ លើគ្រឿងផ្សំនៃឱសថប្រឆាំងជំងឺកូវីដ-១៩មួយចំនួន ដើម្បីសម្រាលបន្ទុកហិរញ្ញវត្ថុ​លើអ្នកជំងឺ ផងដែរ។

ក្រុមអ្នកបង្កើតគោលនយោបាយបានសន្យាថា នឹងចាត់វិធានការ ដើ​ម្បីពង្រីកតម្រូវការក្នុងស្រុក និងផ្តល់អាទិភាពដល់ការងើបឡើងវិញ ​នៃការប្រើប្រាស់  ស្របពេលប្រឈមនឹង សម្ពាធពីការធ្លាក់ចុះនៃតម្រូវការ ការធ្លាក់ចុះនៃការផ្គត់ផ្គង់ និងការរំពឹងទុកធ្លាក់ចុះ។

គណៈកម្មាការពន្ធគយចិនបានមានឱ្យដឹងថា ដើម្បីបំពេញតាមតម្រូវការរបស់អ្នកទិញទំនិញ ពន្ធនាំចូលនឹងត្រូវបន្ទាបបន្ថែមទៀត លើក្រុមហ៊ុនផលិតកាហ្វេ និងក្រុមហ៊ុនចម្រាញ់ទឹកផ្លែឈើ។

ស្របពេលដែល ការប្រកួតប្រជែងលើវិស័យបច្ចេកវិទ្យា រវាង ចិន និងសហរដ្ឋអាមេរិកកំពុងកើនឡើង ប្រទេសចិនបានសម្រេចចិត្តកាត់បន្ថយពន្ធបន្ថែមទៀតសម្រាប់បណ្តាប្រទេស ដែលគួរទទួលបានការអនុគ្រោះពន្ធបំផុត លើផលិតផលបច្ចេកវិទ្យាព័ត៌មានចំនួន៦២ប្រភេទ ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣៕

LEAVE A REPLY

Please enter your comment!
Please enter your name here