ប្រទេសថៃរៀបចំផែនការទាក់ទាញទេសចរចិន ខណៈទីក្រុងប៉េកាំងប្រកាសអនុញ្ញាតឱ្យពលរដ្ឋចាកចេញទៅក្រៅប្រទេសបានឡើងវិញ

ដោយ: លាងហួរ

បាងកក: អាជ្ញាធរទេសចរណ៍ថៃ (TAT) កំពុងពិភាក្សាជាមួយការិយាល័យរបស់ខ្លួន ក្នុងប្រទេសចិន ដើម្បីធ្វើបច្ចុប្បន្នភាពផែនការរបស់ខ្លួន សម្រាប់ការទាក់ទាញភ្ញៀវទេសចរចិន បន្ទាប់ពីទីក្រុងប៉េកាំងប្រកាសចាប់ផ្តើមបន្ធូរបន្ថយការរឹតបន្តឹងលើការធ្វើដំណើរ នៅថ្ងៃទី០៨ ខែមករា។

ការពិភាក្សាគ្នានេះបានចាប់ផ្តើម បន្ទាប់ពីគណៈកម្មាធិការសុខភាពជាតិរបស់ប្រទេសចិន បានប្រកាស កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះថា ខ្លួននឹងអនុញ្ញាតឱ្យពលរដ្ឋចិនដាក់ពាក្យសុំលិខិតឆ្លងដែនសម្រាប់ការធ្វើដំណើរចាប់ពីថ្ងៃទី០៨ ខែមករា បន្ទាប់ពីមានការគ្រប់គ្រងព្រំដែនដ៏តឹងរ៉ឹងជិត៣ឆ្នាំ។ ក្រុមភ្ញៀវទេសចរមកពីប្រទេសចិន គឺជាទីផ្សារទេសចរណ៍ដ៏ធំបំផុតរបស់ប្រទេសថៃ មុនពេលជំងឺរាតត្បាតនៅឆ្នាំ២០២០។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នាយកប្រតិបត្តិ TAT នៃតំបន់អាស៊ីបូព៌ា លោក Chuwit Sirivejkul បានមានប្រសាសន៍ថា សេចក្តីប្រកាសរបស់រដ្ឋាភិបាលចិន ដែលអនុញ្ញាតឱ្យពលរដ្ឋរបស់ខ្លួន ដាក់ពាក្យសុំលិខិតឆ្លងដែន សម្រាប់ការធ្វើដំណើរចាប់ពីថ្ងៃទី០៨ ខែមករា បាននាំឱ្យមានការចាប់អារម្មណ៍លើការធ្វើដំណើរទៅកាន់ប្រទេសថៃរួចទៅហើយ។

ការស្វែងរកតាមអ៊ីនធឺណិត សម្រាប់កញ្ចប់ធ្វើដំណើរបានកើនឡើងយ៉ាងខ្លាំង នៅក្នុងប្រទេសចិន ហើយក្រុមហ៊ុនអាកាសចរណ៍បានស្នើសុំឱ្យអាជ្ញាធរអាកាសចរណ៍របស់ខ្លួនបង្កើនចំនួនជើងហោះហើរអន្តរជាតិ។

លោក Chuwit បានបន្តថា TAT កំពុងធ្វើការជាមួយការិយាល័យចំនួន៥របស់ខ្លួន នៅក្នុងប្រទេសចិន នៅទីក្រុងប៉េកាំង សៀងហៃ ក្វាងចូវ គុនមីង និងឆឹងទូ ដើម្បីពិនិត្យឡើងវិញនូវផែនការរបស់ខ្លួន ក្នុងការទាក់ទាញភ្ញៀវទេសចរចិន មកកាន់ប្រទេសថៃ។

លោក Chuwit បានបន្ថែមថា ទីភ្នាក់ងារទេសចរណ៍ចិន បានចាប់ផ្តើមកញ្ចប់ធ្វើដំណើរទៅកាន់ប្រទេសថៃសម្រាប់ពិធីបុណ្យចូលឆ្នាំចិន ខាងមុខនេះ។

លោក Yuthasak Supasorn អភិបាល TAT បានមានប្រសាសន៍ថា ទីភ្នាក់ងារនេះនឹងពិភាក្សាអំពីផែនការរបស់ខ្លួន ក្នុងការទាក់ទាញភ្ញៀវទេសចរចិន ជាមួយនឹងប្រតិបត្តិករសណ្ឋាគារ ក្រុមហ៊ុនអាកាសចរណ៍ និងប្រតិបត្តិករព្រលានយន្តហោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here