ប្រទេសចិនផ្តល់ជំនួយវ៉ាក់សាំងការពារជំងឺឆ្លងសត្វចំនួន១លានកម្រិត ដល់កម្ពុជា

ដោយ: សហការី

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២នេះ បានរៀបចំកម្មវិធីប្រគល់-ទទួលវ៉ាក់សាំងការពារជំងឺឆ្លងសត្វចំនួន ១លានកម្រិត ដែលប្រារព្ធធ្វើឡើងក្រោមវត្តមាន លោករដ្ឋមន្រ្តី ឌិត ទីណា និងលោក វ៉ាង វិនធៀន (Wang Wentian) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា។

លោករដ្ឋមន្រ្តី ឌិត ទីណា បានមានប្រសាសន៍ថា កន្លងមក សាធារណៈរដ្ឋប្រជាមានិតចិន បានគាំទ្រវិស័យចិញ្ញចឹមសត្វ ក្នុងនោះមានការលើកកម្ពស់ការចិញ្ចឹមសត្វ តាមរយៈគម្រោងនិងកិច្ចសហប្រតិបត្តិការនានា ក្នុងនោះរួមមាន កម្មវិធីឡជីវឧស្ម័ន អំណោយជាវ៉ាក់សាំងការពារជំងឺឆ្លងសត្វ និងកម្មវិធីបណ្តុះបណ្តាលជាច្រើន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានបន្តថា នាពេលថ្មីៗនេះ យើងមានគម្រោងអាស៊ាន-ចិន ដែលនឹងគ្រោងសាងសង់មន្ទីរពិសោធន៍រោគវិនិច្ឆ័យជំងឺសត្វថ្នាក់ជាតិជូនអគ្គនាយកដ្ឋានសត្វ និងផលិតកម្មសត្វ ព្រមទាំងបានចុះអនុស្សារណៈយោគយល់គ្នា និងកិច្ចព្រមព្រៀងចំនួន២ ក្នុងនោះរួមមាន ការពង្រឹងកិច្ចសហប្រតិបត្តការលើបសុឱសថ វត្ថុធាតុជីវបសុព្យាបាល និងសារធាតុបន្ថែមចំណីសត្វ និងការផ្តល់ជំនួយវ៉ាកសាំងសត្វ ចុះថ្ងៃទី៩ ខែវិច្ឆិកាកន្លងទៅ រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា និងក្រសួងកសិកម្ម និងកិច្ចការជនបទ នៃសាធារណៈរដ្ឋប្រជាមានិតចិន។

លោកឯកអគ្គរដ្ឋទូតចិន បានលើកឡើងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ កិច្ចសហប្រតិបត្តិការរវាងចិននិងកម្ពុជាលើវិស័យសំខាន់ៗនៃកសិកម្មកម្ពុជា ដូចជាដំណាំ ការចិញ្ចឹមសត្វ នេសាទ កៅស៊ូជាដើម ត្រូវបានអនុវត្តយ៉ាងពេញលេញ និងទទួលបានផលិតផលជាផ្លែផ្កា។ វ៉ាក់សាំងចំនួន១លានកម្រិត ដែលផ្តល់ជូនកម្ពុជាក្នុងពេលនេះ មានវ៉ាក់សាំងជំងឺអ៊ុតក្តាម៣ប្រភេទ សម្រាប់គោក្របី ចំនួន៥០ម៉ឺនកម្រិត និងវ៉ាក់សាំងជំងឺបុសក្បាលគោក្របីសរុប៥០ម៉ឺនកម្រិត។

ភាគីចិនបានលើកឡើងបន្តថា ឆ្នាំ២០២៣ ដែលជាខួបអនុស្សាវរិយ៍លើកទី៦៥នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងកម្ពុជា។ ភាគីទាំងពីរបានប្រកាសរួមគ្នាកំណត់ថា ឆ្នាំក្រោយនឹងក្លាយទៅជាឆ្នាំមិត្តភាពចិននិងកម្ពុជា កិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មមានសារសំខាន់ខ្លាំង នៅក្នុងកិច្ចសហប្រតិបត្តិការ ជាក់ស្តែងរវាងចិន និងកម្ពុជា។

លោកបន្ថែមថា នៅដើមឆ្នាំថ្មីខាងមុខនេះ កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរនឹងមានភាពមមាញឹកខ្លាំង នៅខែមករាភាគីទាំងពីរនឹងធ្វើការនាំចេញម្រេចទៅប្រទេសចិន ហើយនៅខែមីនា អ្នកជំនាញក្រុមទី២ នៃគម្រោងផែនការអភិវឌ្ឍកសិកម្មកម្ពុជា ដែលជាជំនួយរបស់ប្រទេសចិននឹងមកដល់កម្ពុជា ដើម្បីចាប់ផ្តើមការងារ។ ក្រៅពីនេះការងារនាំចេញកសិផល ដែលមានគុណភាពល្អប្រសើររបស់កម្ពុជាដូចជា ផលិតផលត្រចៀកកម្ម ដូង នឹងត្រូវអនុវត្តជាបន្តបន្ទាប់ផងដែរ។

លោកជឿជាក់ថា ក្រោមការដឹកនាំជាយុទ្ធសាស្ត្រ និងការជម្រុញដោយផ្ទាល់របស់ថ្នាក់ដឹកនាំប្រទេសទាំងពីរ នឹងការជម្រុញយ៉ាងសកម្មរបស់ក្រសួងកសិកម្មនៃប្រទេសទាំងពីរ។ ភាពទំលុះថ្មីនៃកសិកម្មចិននិងកម្ពុជា នឹងសម្រេចបាននូវកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម នៃប្រទេសទាំងពីរឡើងដល់កម្រិតថ្មីមួយទៀត៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here