កម្ពុជារៀបចំការប្រកួតកីឡាទោចក្រយានថ្នាក់ជាតិប្រចាំឆ្នាំ២០២២ នៅខេត្តសៀមរាប

ដោយ: សូរិយា

ភ្នំពេញ៖ ការប្រកួតកីឡាទោចក្រយានជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២២ ត្រូវបានប្រកាសបើកការប្រកួតជាផ្លូវការ នៅព្រឹកថ្ងៃទី២៧ ខែធ្នូនេះ ក្រោមអធិបតីភាព លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន។

នៅក្នុងពិធីបើកការប្រកួតនេះ លោកប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន បានណែនាំកីឡាករ-កីឡាការិនីទាំងអស់ត្រូវឈរលើស្មារតី កីឡាដើម្បីសុខភាព សន្តិភាព មិត្តភាព សាមគ្គីភាព និងបង្កើនគុណផលបច្ចេកទេស ព្រមទាំងត្រូវមានការយោគយល់គ្នា គោរពឱ្យបានត្រឹមត្រូវតាមបទបញ្ជាបច្ចេកទេសនៃការប្រកួត ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ មិនគិតតែពីការយកឈ្នះ-ចាញ់ឡើយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកក៏បានស្នើដល់មន្រ្តីគណៈកម្មការបច្ចេកទេសសហព័ន្ធខ្មែរកីឡាទោចក្រយាន ត្រូវខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួត ជូនដល់កីឡាករ-កីឡាការិនី ប្រកបដោយភាពយុតិ្តធម៌ មិនលម្អៀង និងគោរពបានតាមបទបញ្ជាបច្ចេកទេស នៃការប្រកួតធ្វើឱ្យការប្រកួតប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យជាផ្លែផ្កា។

លោកប្រធានសហព័ន្ធ បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះប្រតិភូដឹកនាំក្រុមកីឡាទោចក្រយានទាំងអស់ ក្នុងកិច្ទសហការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាទោចក្រយាននេះប្រកបដោយស្មារតីមិត្តភាព សាមគ្គីភាព និងគុណភាព ជាពិសេសអាជ្ញាធរខេត្តសៀមរាប ដែលបានសហការគ្នាក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតខាងលើប្រកបដោយស្មារតីទទួលខុសត្រូវ និងយកចិត្តទុកដាក់ខ្ពស់ ដែលញុំាងឱ្យកម្មវិធីនេះ ទទួលបានកីឡាករ-កីឡាការិនី ចូលរួមបានយ៉ាងច្រើនកុះករ។

លោកបានបញ្ជាក់ថា នេះជាការប្រកួតប្រចាំឆ្នាំចុងក្រោយហើយ មុននឹងដល់ពេលដែលប្រទេសយើងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម ដែលការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នាពេលខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់ចំនួនពីរចំណុចគឺ ទី១ -ត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំឱ្យបានល្អ ទោះមិនបានឈ្នះមេដាយ ឬឈ្នះមេដាយតិចក្តី ទី២ -ការឈ្នះមេដាយគឺត្រូវតែត្រឹមត្រូវ និងយុត្តិធម៌ មិនត្រូវចង់ឈ្នះមេដាយដោយរំលោភបំពានច្បាប់ ឬលក្ខន្តិកៈនៃការប្រកួតឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here