កំណើនតម្រូវការកំពុងបន្តជំរុញឱ្យតម្លៃជួលអាផាតមុិនក្នុងទីក្រុងញូវយ៉កកើនឡើង

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃជួលអាផាតមុិនក្នុងសង្កាត់ Manhattan ស្ថិតនៅទីក្រុងញូវយ៉ករបស់សហរដ្ឋអាមេរិកបានបំបែកកំណត់ត្រាថ្មីជាលើកទី៤ក្នុងរយៈពេល៥ខែកន្លងមក ខណៈតម្រូវការកំពុងកើនឡើងយ៉ាងគំហុក។

តម្លៃជួលអាផាតមុិនជាមធ្យមកាលពីខែមិថុនាបានកើនឡើង៧,៦ភាគរយធៀបនឹងឆ្នាំ២០២៤ ដល់ចំនួន៤.៦២៥ដុល្លារក្នុងមួយខែ និងកើនឡើងចំនួន៥៤ដុល្លារ ធៀបនឹងខែឧសភា។នេះបើយោងតាមក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យ Miller Samuel។

ជាធម្មតា តម្លៃជួលអាផាតមុិនកើនឡើងក្នុងកំឡុងរដូវក្តៅនៅសហរដ្ឋអាមេរិកចន្លោះពីខែមិថុនារហូតដល់ខែសីហា។ ប៉ុន្តែ តម្លៃជួលបានកើនឡើងកាន់តែខ្លាំងខុសពីធម្មតា ខណៈច្បាប់ថ្មីបានរារាំងមិនឱ្យម្ចាស់អគារអាផាតមុិនទាមទារថ្លៃកម្រៃជើងសារពីអ្នកជួលថ្មី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ផ្ទុយទៅវិញ បណ្តាម្ចាស់អគារអាផាតមុិនទាំងនោះបាននិងកំពុងដំឡើងតម្លៃជួលជំនួសឱ្យថ្លៃកម្រៃជើងសារ។នេះបើយោងតាមលោក Jonathan Miller ប្រធានក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យ Miller Samuel។

លើសពីនេះ តម្រូវការជួលត្រូវបានគេរំពឹងថា នឹងកើនឡើងក្នុងរយៈពេលប៉ុន្មានខែខាងមុខ ដោយសារសិស្ស-និស្សិតសម្រុកចូលមកកាន់ទីក្រុងញូវយ៉ក ដែលអាចធ្វើឱ្យតម្លៃជួលកើនឡើងកាន់តែខ្ពស់។ ចំនួនអាផាតមុិនដែលនៅទំនេរ ឬអាចរកជួលបាន(Available)នៅសង្កាត់ Manhattan បានដាំក្បាលចុះ១២ភាគរយនៅក្នុងខែមិថុនាធៀបនឹងខែឧសភា ខណៈការផ្គតផ្គង់នៅមានកម្រិត។

ជាមួយគ្នានោះ តម្លៃជួលអាផាតមុិននៅសង្កាត់ Brooklyn នៅទីក្រុងញូវយ៉កក៏បានកើនឡើងផងដែរ ដោយសម្រេចបានតម្លៃជួលជាមធ្យមចំនួន៣.៧៣៣ដុល្លារអាមេរិកក្នុងមួយខែកាលពីខែមិថុនា កើនឡើង១ភាគរយធៀបនឹងឆ្នាំមុន៕ប្រភព: Bloomberg៕

LEAVE A REPLY

Please enter your comment!
Please enter your name here