ស្រុកឈូកនៃខេត្តកំពតកំពុងទាក់ទាញក្រុមហ៊ុនឯកជនជាច្រើនមកវិនិយោគលើវិស័យរ៉ែ

ដោយ៖ សុផារី

ភ្នំពេញ៖  រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងរ៉ែនិងថាមពល បានបើកប្រកាសឲ្យក្រុមហ៊ុនឯកជនដាក់ពាក្យស្នើសុំរុករករ៉ែនៅក្នុងតំបន់ទ្វារប្រាំបី និងភ្នំជ្រោះកណ្តាល ស្រុកឈូកខេត្តកំពត លើផ្ទៃដី១៥៥ហិកតានេះ។ ក្រសួងបញ្ចប់ថា រហូតមកទល់ពេលនេះមានក្រុមហ៊ុនចំនួន៥បានដាក់ពាក្យស្នើសុំសិក្សារុករករ៉ែក្នុងតំបន់ខាងលើ។

លោក អ៊ឹង ឌីប៉ូឡា អគ្គនាយក អគ្គនាយកដ្ឋានធនធានរ៉ែ ក្រសួងរ៉ែ និងថាមពល បានបញ្ជាក់កាលពីថ្ងៃទី១៩ ខែធ្នូថា មានក្រុមហ៊ុនជាច្រើនចាប់អារម្មណ៍ក្នុងការធ្វើអាជីវកម្មលើការរុករករ៉ែ នៅក្នុងតំបន់នេះ។ រហូតមកដល់ពេលនេះមាន ក្រុមហ៊ុនចំនួន៥ ហើយដែលបានដាក់ពាក្យជាផ្លូវការ ក្នុងការស្នើសុំអាជ្ញាប័ណ្ណរុករករ៉ែ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមលោក អ៊ឹង ឌីប៉ូឡា តាមរយៈការសិក្សាបឋមបានរកឃើញថា នៅក្នុងតំបន់នេះ មានធនធានរ៉ែថ្មកំបោរ ដែលអាចធ្វើអាជីវកម្មជារោងចក្រស៊ីម៉ងត៍ ម្សៅបៀក ឬចំណីសត្វបាន ប្រសិនបើបរិមាណរ៉ែថ្មកំបោរនោះមានចំនួនច្រើនគ្រប់គ្រាន់។

លោកបានមានប្រសាសន៍ថា “រាជរដ្ឋាភិបាលបើកតំបន់ខាងលើនេះ ដោយអនុញ្ញាតឱ្យមានការរុករករ៉ែ ដើម្បីស្វែងរកក្រុមហ៊ុនវិនិយោគ ដែលមានសមត្ថភាពហិរញ្ញវត្ថុ បច្ចេកទេស និងបទពិសោធន៍ក្នុងការស្វែងរុករក”។

យោងតាមអ្នកនាំពាក្យក្រសួង អាជ្ញាប័ណ្ណរុករករ៉ែនេះនឹងត្រូវបានចេញដោយរដ្ឋាភិបាលកម្ពុជា សម្រាប់អនុវត្តការសិក្សារយៈពេល៣ឆ្នាំនៅក្នុងជំហានដំបូង។ ក្នុងរយៈពេល៣ឆ្នាំនេះ ប្រសិនបើក្រុមហ៊ុនរកឃើញថា តំបន់ខាងលើនេះមិនមានសក្តានុពលគ្រប់គ្រាន់ ក្រុមហ៊ុនអាចស្នើសុំបោះបង់អាជ្ញាប័ណ្ណបាន។ ប៉ុន្តែប្រសិនបើអាចមានសក្តានុពល ក្រុមហ៊ុនអាចស្នើសុំបន្តការសិក្សារយៈពេល២ឆ្នាំបន្តទៀតបាន។ នៅក្នុងរយៈពេលសិក្សា ក្រុមហ៊ុនមិនទាន់ទទួលបានសិទ្ធិក្នុងការធ្វើអាជីវកម្មនៅឡើយទេ ដោយទាមទារឲ្យក្រុមហ៊ុនចំណាយសម្រាប់ការរុករក។

ក្រសួងរ៉ែ និងថាមពល កាលពីពេលថ្មីៗនេះ ប្រកាសបើកឱ្យក្រុមហ៊ុនក្រុមហ៊ុនជាតិ និងអន្តជាតិ ដាក់ពាក្យប្រកួតប្រជែងជាសាធារណៈសម្រាប់ទទួលបានអាជ្ញាបណ្ណស្វែងរុករករ៉ែមួយកន្លែង លើផ្ទៃដីទំហំ១៥៥៕

LEAVE A REPLY

Please enter your comment!
Please enter your name here