ទំហំនៃការ​នាំ​ចេញ​ប្រេង​ម៉ាស៊ូត​នៅ​ខែ​វិច្ឆិកា​របស់​ប្រទេស​ចិន​ហក់ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈ​ពេល​ជាង​មួយ​ឆ្នាំ

ដោយ: លាងហួរ

ប៉េកាំង: ទំហំនៃការនាំចេញប្រេងម៉ាស៊ូត និងប្រេងសាំងរបស់ប្រទេសចិនបានបន្តកើនឡើងក្នុងខែវិច្ឆិកា ដោយឈានដល់កម្រិតខ្ពស់បំផុតចាប់តាំងពីខែមិថុនា និងខែឧសភា ឆ្នាំ២០២១ខណៈក្រុមហ៊ុនចម្រាញ់ប្រេងបានប្រញាប់ប្រញាលប្រើប្រាស់កូតានាំចេញឱ្យអស់ក្នុងឆ្នាំ២០២២។

យោងតាមទិន្នន័យពីរដ្ឋបាលទូទៅនៃគយបានបង្ហាញកាលពីថ្ងៃអាទិត្យ ទី១៨ ខែធ្នូថា  ប្រទេសចិនបាននាំចេញប្រេងម៉ាស៊ូតចំនួន២,១លានតោនកាលពីខែវិច្ឆិកា ពោលគឺកើនឡើងទ្វេដងបើធៀបនឹងខែតុលា និងកើនឡើងពី៦០ម៉ឺនតោនក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទំហំនៃការនាំចេញប្រេងសាំងមានចំនួន១,៤៩លានតោនក្នុងខែវិច្ឆិកា ធៀបនឹង១លានតោនកាលពីខែតុលា និង៨១ម៉ឺនតោនកាលពីឆ្នាំមុន។

បរិមាណដ៏ច្រើននៃការនាំចេញឥន្ធនៈបានកើតឡើងក្រោយពីមានការសម្រេចចិត្តដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ប្រទេសចិនកាលខែកញ្ញា ក្នុងការដាក់ចេញកូតានាំចេញបន្ថែមចំនួន១៥លានតោន ខណៈដែលប្រទេសនេះកំពុងខិតខំស្តារសេដ្ឋកិច្ច ដែលបានធ្លាក់ចុះដោយសារជំងឺរាតត្បាត។

ក្រុមហ៊ុនចម្រាញ់ប្រេងក៏បានព្យាយាមបង្កើនការនាំចេញ ដើម្បីកាត់បន្ថយសម្ពាធស្តុកផលិតផលរបស់ពួកគេ ខណៈដែលវិធានការសូន្យកូវីដរបស់រដ្ឋាភិបាលបានកាត់បន្ថយតម្រូវការប្រេងក្នុងស្រុក។

ក្រុមអ្នកវិភាគបានព្យាករណ៍ថា ការនាំចេញផលិតផលប្រេងចម្រាញ់របស់ប្រទេសចិន ជាពិសេសគឺប្រេងម៉ាស៊ូតនឹងបន្តកើនឡើងរហូតដល់ខែធ្នូនេះ  ប៉ុន្តែគោលនយោបាយនាំចេញអាចនឹងត្រូវផ្លាស់ប្តូរនៅឆ្នាំ២០២៣ខាងមុខ ខណៈការបន្ធូរបន្ថយនៃការគ្រប់គ្រងជំងឺកូវីដក្នុងប្រទេសចិន នឹងជំរុញដល់តម្រូវការប្រើប្រាស់ប្រេងឥន្ធនៈនៅក្នុងស្រុក៕

LEAVE A REPLY

Please enter your comment!
Please enter your name here