ក្រុមហ៊ុន CP Group និង Soma Group គ្រោងវិនិយោគការផលិតថាមពលស្អាតនៅកម្ពុជា

ដោយ៖ សុផារី
ភ្នំពេញ៖ ក្រុមហ៊ុនថៃចំនួនពីរ គឺ CP Group និងក្រុមហ៊ុន Soma Group លើការផលិតថាមពលស្អាតនៅកម្ពុជា និងស្នើសុំការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ការអភិវឌ្ឍថាមពលស្អាត និងពង្រឹងខ្សែសង្វាក់តម្លៃកសិ-អាហាររួមបញ្ចូលគ្នានៅកម្ពុជា។
នៅក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅចុងសប្តាហ៍នេះលោក ថានីន ប្រធានជាន់ខ្ពស់ក្រុមហ៊ុន Charoen Pokphand Group (CP) ជាមួយក្រុម ហ៊ុន Soma Group បានមានប្រសាសន៍សំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី បានដឹកនាំប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ ពិសេសសម្តេចបានផ្តល់នូវទំនុកចិត្តខ្ពស់ចំពោះវិនិយោគិនទាំងអស់ ដែលកំពុងបណ្តាទុនវិនិយោគធ្វើអាជីវកម្មនៅកម្ពុជា។
លោក ថានីន បានជំរាបជូនសម្តេចតេជោពីគោលបំណងរបស់ក្រុមហ៊ុនលោក និងក្រុមហ៊ុន Soma Group ពីការផលិត ថាមពលស្អាត ដោយមានគោលបំណងជំរុញគោលដៅរបស់ប្រទេសកម្ពុជាស្តីពីអព្យាក្រឹតភាពកាបូន និងសន្តិសុខថាមពល។


លោក ថានីន មានប្រសាសន៍បន្តថា CP Group នឹងស្វែងរកឱកាសសម្រាប់គម្រោងវារីអគ្គិសនី និងថាមពលស្អាតផ្សេងទៀត នៅក្នុងប្រទេសកម្ពុជា។ ដោយឡែក លើអាជីវកម្មកសិ-ម្ហូបអាហាររួមបញ្ចូលគ្នា ក្រុមហ៊ុន CP Group ប្តេជ្ញាធ្វើឲ្យប្រសើរឡើង នូវតម្លៃនៃវិស័យចំណី សត្វ កសិដ្ឋាន និងម្ហូបអាហារ នៅកម្ពុជា តាមរយៈការចែករំលែកជំនាញ និងបង្កើតការងារដល់ប្រជា ជនកម្ពុជា។
ដើម្បីសម្រេចបាននូវចំណុចនេះ ក្រុមការងារផ្តោតលើការកែលម្អហ្សែនដំណាំ ដើម្បីបង្កើនទិន្នផលស្រូវ ពោត និងសណ្តែកសៀង និងលើការកែច្នៃដំណាំទាំងនេះទៅជាផលិតផលម្ហូបអាហារដែលមានតម្លៃខ្ពស់សម្រាប់អ្នកប្រើប្រាស់ ដែលស្របតាមស្តង់ដារអន្តរជាតិសម្រាប់គុណ ភាពម្ហូបអាហារ សុវត្ថិភាព និងអនាម័យ។
សម្តេចតេជោនាយករដ្ឋមន្រ្តី បានសំដែងនូវការវាយតម្លៃខ្ពស់ ចំពោះទិសដៅនៃការវិនិយោគរបស់ក្រុមហ៊ុន CP Group និងក្រុមហ៊ុន Soma Group លើការផលិតថាមពលស្អាតនៅកម្ពុជា។ សម្តេចតេជោបានស្នើឲ្យក្រុមហ៊ុនទាំងពីរ ធ្វើការជាមួយស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីសិក្សាលើការផលិតថាមពលស្អាតនៅកម្ពុជា ឲ្យដំណើរការប្រកបដោយជោគជ័យ និងទទួលបានលទ្ធផលខ្ពស់ ៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here