រដ្ឋាភិបាលឡាវរកចំណូលបានជិត២ពាន់លានដុល្លារពីការនាំចេញថាមពលអគ្គិសនី

ដោយៈ សុខុម

វៀងចន្ទន៍: ប្រទេសឡាវ រកចំណូលបានរហូតដល់ទៅ១.៧៦៩លានដុល្លារអាមេរិក ពីការនាំចេញអគ្គិសនី និងចំណាយត្រឹមតែ១៥លានដុល្លារអាមេរិកប៉ុណ្ណោះទៅលើការនាំចូលអគ្គិសនី។ នេះបើតាមឧបនាយករដ្ឋមន្ត្រី​ឡាវ លោក Sonexay Siphandone បានលើកឡើងក្នុងសម័យប្រជុំរដ្ឋសភាកាលពីសប្តាហ៍មុន។

ប្រទេសឡាវ ដែលសម្រេចបានកំណើន នាំចេញអគ្គិសនី៧,៥%ក្នុងឆ្នាំ២០២២នេះ បានចាប់ដៃគូជាមួយប្រទេសជាច្រើន នៅក្នុងតំបន់រួមមានកម្ពុជា ចិន ថៃ វៀតណាម និងសិង្ហបុរី ដើម្បីនាំចេញអគ្គិសនី។

យោងតាមសារព័ត៌មាន Laotian Times ចុះផ្សាយកាលពីថ្ងៃព្រហ​ស្បតិ៍ ទី១៥ ខែធ្នូបានឱ្យដឹងថា រដ្ឋាភិបាលឡាវ ក៏បានកំណត់គោលដៅផលិតអគ្គិសនី ឱ្យបានយ៉ាងតិច៥១.១៤៣៤គីឡូវ៉ាត់ម៉ោង (kWh) ផងដែរនៅឆ្នាំ២០២៣ ដែលស្មើនឹងជាង៧០%នៃអគ្គិសនី ដែលផលិតបានក្នុងឆ្នាំនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគប្រទេសឡាវ លោក Khamjane Vongphosy បានគូសបញ្ជាក់ថា រដ្ឋាភិបាលក៏យកចិត្តទុកដាក់លើការគ្រប់គ្រងតម្លៃអគ្គិសនីក្នុងស្រុកផងដែរ ដើម្បីទាក់ទាញអ្នកប្រើប្រាស់ក្នុងស្រុកឱ្យបានកាន់តែច្រើន។

រដ្ឋាភិបាលឡាវ ក៏នឹងសហការជាមួយបណ្ដាប្រទេសជិតខាង ដូចជាប្រទេសចិន ជាដើមដើម្បីផ្លាស់ប្តូរអគ្គិសនីតាមរយៈ “បណ្ដាញបញ្ជូនអគ្គិសនីទៅវិញទៅមក”។ ការធ្វើបែបនេះ នឹងជួយដោះស្រាយបញ្ហាកង្វះខាតអគ្គិសនីក្នុងរដូវប្រាំង និងស្តុកទុកថាមពលបន្ថែមក្នុងរដូវវស្សា។

ប្រព័ន្ធបញ្ជូនអគ្គិសនីរបស់អាជ្ញាធរអគ្គិសនីឡាវ (EDL) ក៏នឹងជួយសម្រួលដល់ការលក់អគ្គិសនី ពីគម្រោងថាមពលឯកជននានាផងដែរ។

ក្រសួងថាមពល និងរ៉ែរបស់ឡាវបាននិយាយថា ចន្លោះពីឆ្នាំ២០២១-២០២៥ ប្រទេសឡាវ មានមហិច្ឆតាផលិតថាមពលអគ្គិសនីឱ្យបាន១.៨០៧​មេហ្គាវ៉ាត់ (MW) ដោយក្នុងនោះជាង៥០% នឹងផលិតចេញពីគម្រោងវារីអគ្គិសនី១៩% ផលិតចេញពីធ្យូងថ្ម និង២៤%ផលិតចេញពីថាមពលសូឡា។

នៅត្រឹមឆ្នាំ២០៣០ ប្រទេសឡាវ មានមហិច្ឆតាបង្កើនចំនួននេះឱ្យឈានដល់៥.៥៥៩មេហ្គាវ៉ាត់ (MW) ដែលភាគច្រើននឹងផលិតចេញពីគម្រោងវារីអគ្គិសនី៕ Laotian Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here