តើអត្រាការប្រាក់លើកម្ចីទិញផ្ទះនៅសឹង្ហបុរីនឹងបន្តកើនឡើងបន្ថែមទៀត នៅឆ្នាំ២០២៣?

ដោយៈ សុខុម

សិង្ហបុរី: ប្រសិនបើបច្ចុប្បន្ន អ្នកមានផ្ទះរួចហើយ ឬក៏មានបំណងទិញផ្ទះដំបូងរបស់ខ្លួន នៅក្នុងប្រទេសសិង្ហបុរីឆ្នាំក្រោយ អ្នកអាចនឹងទទួលរងផលប៉ះពាល់ ពីការបន្តដំឡើងអត្រាការប្រាក់លើកម្ចីទិញផ្ទះ ដោយសារធនាគារកណ្ដាលអាមេរិក (Federal Reserve) ដំឡើងអត្រាការប្រាក់។

យោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃសុក្រ ទី១៦ ខែធ្នូ ឱ្យដឹងថា ធនាគារនានានៅសិង្ហបុរី អនុវត្តតាមវិធានការរបស់ធនាគារកណ្តាលអាមេរិក ដែលបានដំឡើងអត្រាការប្រាក់គោល០,៥%កាលពីថ្ងៃពុធ ទី១៤ ខែធ្នូ ដើម្បីទប់អតិផរណាដែលហក់ឡើងខ្ពស់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Jerome Powell ប្រធានធនាគារកណ្ដាលអាមេរិក បានគូសបញ្ជាក់ថា អាចនឹងមានការដំឡើងអត្រាការប្រាក់បន្ថែមទៀត នៅសហរដ្ឋអាមេរិក។

ធនាគារកណ្តាលអាមេរិក បានដំឡើងអត្រាការប្រាក់ចំនួន៧ដង ក្នុងឆ្នាំនេះ ដោយការដំឡើងចុងក្រោយបង្អស់របស់ខ្លួន បានធ្វើឱ្យអត្រាការប្រាក់គោលឡើងដល់ចន្លោះពី៤,២៥% ដល់៤,៥% ដែលជាអត្រាខ្ពស់បំផុតមិនធ្លាប់មាន បើគិតចាប់តាំងពីឆ្នាំ២០០៧មក។

នៅក្នុងការព្យាករណ៍របស់ខ្លួន ក្រុមអ្នកបង្កើតគោលនយោបាយរំពឹងថា អត្រាការប្រាក់នឹងកើនឡើងខ្ពស់ ជាងការរំពឹងទុកក្នុងរង្វង់៥,១%នៅឆ្នាំ២០២៣។

លោក Paul Wee អនុប្រធានក្រុមហ៊ុនសិង្ហបុរី PropertyGuru Finance ដែលជួយឱ្យអ្នកទទួលបានកម្ចីទិញផ្ទះ ក្នុងអត្រាការប្រាក់ល្អនិយាយថា ការព្យាករក្នុងអត្រា៥,១%នេះ “មិនខុសគ្នាច្រើន” ពីការរំពឹងទុករបស់ទីផ្សារឡើយ ខណៈទីផ្សាររំពឹងទុកថា អត្រាការប្រាក់នឹងឡើងដល់៥%នៅឆ្នាំ២០២៣៕ CNA៕

LEAVE A REPLY

Please enter your comment!
Please enter your name here