កម្ពុជារកចំណូលបានជាង៣ពាន់លានដុល្លារពីការនាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារអន្តរជាតិ

ដោយៈ សុផារី

ភ្នំពេញៈ នៅក្នុងរយៈពេល១០ខែ នៃឆ្នាំ២០២២នេះ ប្រទេសកម្ពុជារកចំណូល បានពីការនាំចេញកសិផលប្រមាណ៣.០៦៩លានដុល្លារ ដោយក្នុងនោះការនាំចេញអង្ករមានចំនួន៤៣៥លានដុល្លារ ការនាំចេញស្រូវចំនួ​ន៤៩២លានដុល្លារ និងការនាំចេញផលិផល ក្រៅពីស្រូវអង្ករមានចំនួនជាង២ពាន់លានដុល្លារ។

នេះយោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម ចេញផ្សាយនៅថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០២២នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បរិមាណនៃការនាំចេញអង្ករ មានចំនួនជាង៥០៩.២៤៩តោន កើនឡើងជិត៥ម៉ឺនតោន ដែលស្មើនឹង១០,៦៧ភាគរយ បើធៀបនឹងការនំាចេញរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។ ក្នុងនោះ ប្រភេទអង្ករក្រអូបគ្រប់ប្រភេ​ទ​មានចំនួន៣៤,៨ម៉ឺនតោន ស្មើនឹង៦៨,៤៤% អង្ករសគ្រប់ប្រភេទមានចំនួន ១៤,៨ម៉ឺនតោន ស្មើនឹង២៩,២៤% និងអង្ករចំហុយគ្រប់ភេទមានចំនួន១,១ម៉ឺនតោន ស្មើនឹង២,៣២%។

ក្រុមហ៊ុនដែលបាននាំចេញអង្ករមានចំនួន៥៥ក្រុមហ៊ុន ហើយបរិមា​ណអង្ករ ដែលបាននាំចេញដោយក្រុមហ៊ុនធំៗចំនួន១០ មានរហូតដល់៣៤៣.៩៤៩តោន (៦៧,៥៤%) និងក្រុមហ៊ុន៤៥ដទៃទៀតបាននាំចេញត្រឹមតែ១៦៥.៣០០តោន (៣២,៤៦%)។

បរិមាណស្រូវដែលត្រូវបាននាំចេញ ក្នុងរយៈពេល១០ខែឆ្នាំនេះ មានចំនួន២.៤៤០.១១២តោន ថយចុះប្រមាណ២១ម៉ឺនតោន ដែលស្មើនឹង៨,២៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។

ចំណែកផលិផលក្រៅពីស្រូវ អង្ករ មានបរិមាណនាំចេញចំនួន៤.៦៦៩.៨៧៤តោន កើនឡើងជិត៤៤ម៉ឺនតោន ដែលស្មើនឹង១០,៦៣ភាគរយ បើធៀបនឹងការនំាចេញរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១៕

LEAVE A REPLY

Please enter your comment!
Please enter your name here