ក្រសួងសាធារណៈការរកចំណូលបាន៨៥លានដុល្លារពីការលក់ លេខយានយន្តពិសេស

ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ លេខពិសេសលក់បានប្រមាណ២១៥ពាន់លេខ ទទួលបានចំណូលសរុបប្រមាណ២៣១ ពាន់លានរៀល (៥៧លានដុល្លារអាមេរិក) និងលេខពិសេសផ្ទាល់ខ្លួន លក់បានប្រមាណជាង១៥ពាន់លេខ ទទួលបានចំណូលសរុបប្រមាណជាង១១២ពាន់លានរៀល ស្មើនឹង២៨លានដុល្លារអាមេរិក) គិតមកដល់ខែវិច្ឆិកា ឆ្នាំ២០២២។

លោកជំទាវកុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការរអន្តរក្រសួង គ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ប្រចាំខែវិច្ឆិកា ឆ្នាំ២០២២ ស្តីពីវឌ្ឍនភាព នៃការលក់លេខចុះបញ្ជីយានយន្ត របស់គណៈកម្មការអន្តរក្រសួង គ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត ដោយមានការចូលរួមពីសមា​ជិកសមាជិកាគណៈកម្មការអន្តរ ក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត និងសមាជិកនៃអនុគណៈកម្មការទាំងពីរផងដែរកាលពីថ្ងៃៃទី១៥ ធ្នូ​កន្លងមកនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អង្គប្រជុំបានពិនិត្យ និងពិភាក្សាលើរបាយការណ៍វឌ្ឍនភាពការងាររបស់អនុគណៈកម្មការកំណត់តម្លៃ និងរៀបចំការលក់ ឬដេញថ្លៃ ដែលផ្តោតជាសំខាន់លើដំណោះស្រាយ ចំពោះសំណើផ្សេងៗពីប្រជាពលរដ្ឋ ការត្រៀមរៀបចំពិព័រណ៍ផ្លាកលេខ និងរថយន្ត ដើម្បីកត់សម្គាល់ខួបបីឆ្នាំនៃការដាក់ឱ្យដំណើរការផ្លាកលេខពិសេសផ្ទាល់ខ្លួន ទិសដៅការងារឆ្នាំ២០២៣សំដៅពង្រឹង ការងារផ្តល់សេវាសាធារណៈ ឱ្យកាន់តែប្រសើរថែមឡើង ការត្រៀមរៀបចំរបាយការណ៍សន្និបាតបូក សរុបលទ្ធផលការងាររបស់ក្រសួងឆ្នាំ២០២២ និងការរៀបចំផែនការដេញថ្លៃលេខពិសេសផ្ទាល់ខ្លួន។

អង្គប្រជុំក៏បានពិនិត្យ និងពិភាក្សាផងដែរលើរបាយការណ៍វឌ្ឍនភាពការងារប្រចាំ ត្រីមាសរបស់អនុគណៈកម្មការផ្សព្វផ្សាយ និងផ្ដល់ជំនួយបច្ចេ​កទេ​ស ទាក់ទងនឹងការស្វែងរកលេខ ពិសេសផ្ទាល់ខ្លួន លេខដែលលក់ចេញ​ទាបជាងគេ លេខដែលលក់ចេញខ្ពស់ជាងគេ ការផ្សព្វផ្សាយ ការដេញថ្លៃ និងផែនការសកម្មភាពពិព័រណ៍ផ្លាកលេខ និងរថយន្ត។

លោកជំទាវកុយ សុដានីបានជំរុញលើកទឹកចិត្តឱ្យអង្គប្រជុំចូលរួមផ្តល់ មតិយោបល់ ក៏ដូចជាធាតុចូលឱ្យបានផុសផុល សំដៅធ្វើយ៉ាងណាឱ្យការរៀបចំផែនការសកម្មភាព ពិព័រណ៍ផា្លកលេខពិសេស និងរថយន្តមានលក្ខណៈគ្រប់ជ្រុងជ្រោយ ដើម្បីឱ្យដំណើរការរៀបចំប្រារព្ធខួប៣ឆ្នាំ នៃការលក់លេខពិសេសផ្ទាល់ខ្លួន អាចប្រព្រឹត្តទៅបានដោយរលូន និងបានគូសបញ្ជាក់បន្ថែមទៀត ថាចំណូលមួយចំនួនដែលបានមកពីកម្ម វិធីពិព័រណ៍ការលក់លេខចុះបញ្ជីលេខពិសេសផ្ទាល់ខ្លួន នឹងត្រូវយកទៅរួមចំណែកជួយដល់មន្ទីរពេទ្យគន្ធបុប្ផា តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

លោកជំទាវរដ្ឋលេខាធិការប្រធានអង្គប្រជុំ បានថ្លែងកោតសរសើរដល់អនុគណៈកម្មការជំនាញទាំងពីរ ដែលបានខិតខំប្រឹងប្រែងអនុវត្តការងាររៀបចំផែនការសកម្មភាពពិព័រណ៍ លក់លេខពិសេសផ្ទាល់ខ្លួន ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ និងបានស្នើឱ្យអង្គប្រជុំធ្វើការពិភាក្សា និងសម្រេចជាគោលការណ៍រួមលើផែនការសកម្មភាពនេះ ដើម្បីដាក់ជូនឯកឧត្តមទេសរដ្ឋមន្ត្រីពិនិត្យសម្រេចជាផ្លូវការ៕

LEAVE A REPLY

Please enter your comment!
Please enter your name here