លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា៖ ការចូលជាសមាជិកក្លិបឆ្នេរសមុទ្រស្អាតបំផុតលើសាកលលោក ជារបត់ថ្មីនៃការប្រែមុខមាត់តំបន់សមុទ្រកម្ពុជា

ដោយ៖ សុផារី

ព្រះសីហនុ៖ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងបញ្ជាក់ថា​ ការចូលជាសមាជិកក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក ពិតជាជំរុញឱ្យមានរបត់ថ្មីនៃការប្រែមុខមាត់ជាបន្តបន្ទាប់របស់តំបន់សមុទ្រកម្ពុជា ទាំងលើទិដ្ឋភាពសង្គម-សេដ្ឋកិច្ច ទេសចរណ៍ នគរូបនីយកម្ម និងបរិស្ថាន ដែលជាកត្តាកំណត់លើការទទួលស្គាល់ជាអន្តរជាតិនៃឆ្នេរសមុទ្រកម្ពុជា។

លោក ជា សុផារ៉ា បានថ្លែងយ៉ាងដូច្នេះក្នុងពិធីបិទមហាសន្និបាតលើកទី១៦ របស់ក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ ដោយមានការចូលរួមពីលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក Louis THEBAULT ប្រធានក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក ជា សុផារ៉ា បានថ្លែងថា “ការចូលជាសមាជិកក្លិបឆ្នេរសមុទ្រស្អាតលើពិភពលោកនេះបានធ្វើឱ្យតំបន់ឆ្នេរកម្ពុជាបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញវិនិយោគ សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ និងត្រូវបានចាត់ទុកថាជាគោលដៅទេសចរណ៍ធម្មជាតិដ៏មានភាពទាក់ទាញ និងប្រកបដោយភាពប្រកួតប្រជែងខ្ពស់នៅកម្ពុជា និងក្នុងតំបន់ ព្រមទាំងជាគោលដៅទេសចរណ៍ដ៏ធំ បន្ទាប់ពីតំបន់បេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្ត្រ សៀមរាប-អង្គរ និងរាជធានីភ្នំពេញ ពិសេសខេត្តព្រះសីហនុដែលត្រូវបានរាជរដ្ឋាភិបាលកំណត់ជា “តំបន់សេដ្ឋកិច្ចពហុបំណង”។

លោកឧបនាយករដ្ឋមន្ត្រីក៏បានគាំទ្រនិងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃអង្គមហាសនិ្នបាតដែលបានអនុម័តដាក់ចេញធម្មនុញ្ញឆ្នេរ (Charter of Bay) ពិសេសបានដាក់បញ្ចូលនូវអនុសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលនឹងក្លាយជាឯកសារគោលដ៏សំខាន់សម្រាប់សមាជិកក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក រាជរដ្ឋាភិបាលកម្ពុជា និងភាគីពាក់ព័ន្ធនានាក្នុងការធានាការអភិវឌ្ឍឆ្នេរសមុទ្ររបស់ខ្លួនប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ។

លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានស្នើឱ្យមានការអនុវត្តឱ្យបានហ្មតចត់នូវធម្មនុញ្ញឆ្នេរនេះ ដោយត្រូវយកចិត្តទុកដាក់ជំរុញឱ្យមានការចូលរួមពីប្រជាពលរដ្ឋ និងអាជ្ញាធរក្នុងតំបន់ ឆ្លើយតបទៅនឹងទស្សនទាន “រួមគិត រួមធ្វើ រួមទទួលខុសត្រូវ” និងបានអំពាវនាវឱ្យអាជ្ញាធរគ្រប់គ្រងតំបន់ឆ្នេរសមុទ្រយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍ និងអភិរក្សធនធានសមុទ្រ និងថែរក្សាឆ្នេរសមុទ្រឱ្យបានស្អាត ខិតខំប្រឹងប្រែងដោះស្រាយបញ្ហាប្រឈមនានានៅតាមតំបន់ឆ្នេរ ដោយជំរុញឱ្យមានការផ្តោះប្តូរ និងចែករំលែកបទពិសោធន៍រវាងឆ្នេរសមាជិកក្លិបទៅវិញទៅមកផងដែរ។

លោក ជា សុផារ៉ា បានបញ្ជាក់ទៀតថា ក្នុងនាមអគ្គលេខាធិការក្លិបសម្រាប់អាណត្តិ (២០២៣-២០២៥) កម្ពុជានឹងខិតខំបំពេញបេសកកម្មមួយនេះប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីធានាដំណើរការប្រកបដោយប្រសិទ្ធភាពរបស់លេខាធិការដ្ឋានក្លិប រួមជាមួយកិច្ចសហការផ្សេងៗរវាងឆ្នេរសមុទ្រកម្ពុជា និងឆ្នេរសមាជិកផ្សេងទៀត ដូចដែលសម្តេចតេជោនាយករដ្ឋមន្រ្តីបានគូសបញ្ជាក់នាពិធីបើកមហាសន្និបាតអំពីការត្រៀមខ្លួនរួចជាស្រេចរបស់កម្ពុជាក្នុងការធ្វើជាលេខាធិការដ្ឋានក្លិបនេះ។

ឆ្នេរសមុទ្រកម្ពុជាត្រូវបានបញ្ចូលជាសមាជិកក្លិបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសាកលលោក ក្នុងឱកាសមហាសន្និបាតលើកទី៧របស់ក្លិបឆ្នេរនេះ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១១ នៅទីក្រុងតួបាគួតា ប្រទេសសេណេហ្គាល់៕

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here