ទំហំនៃការវិនិយោគទ្រព្យសកម្មថេររបស់ប្រទេសចិនហក់ឡើង៥,៣ភាគរយក្នុងរយៈពេល១១ខែដំបូង

ដោយ: លាងហួរ

ប៉េកាំង: យោងតាមទិន្នន័យពីការិយាល័យស្ថិតិជាតិ (NBS)បានបង្ហាញឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា  ទំហំនៃការវិនិយោគទ្រព្យសកម្មថេររបស់ប្រទេសចិន  បានហក់ឡើងក្នុងរយៈពេល១១ខែដំបូង នៃឆ្នាំ២០២២នេះ។

តាមរយៈសេចក្តីថ្លែងការណ៍របស់NBSបានឱ្យដឹងថា ទំហំនៃការវិនិ​យោគទ្រព្យសកម្មថេរ ចាប់ពីខែមករាដល់ខែវិច្ឆិកា មានចំនួនសរុប៥២ពាន់ពាន់លានយ័ន (ប្រហែល៧,៥ពាន់ពាន់លានដុល្លារ)  ពោលគឺកើនឡើង៥,៣ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។

ទោះជាយ៉ាងណាក៏ដោយ កំណើននេះបានបង្ហាញ ពីសញ្ញានៃការធ្លាក់ចុះពីការកើនឡើង៥,៨ភាគរយ  ដែលបានប្រកាសក្នុងរយៈពេល១០ខែដំបូងនៃឆ្នាំ២០២២នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Luo Yifei ប្រធានស្ថិតិរបស់NBS បានមានប្រសាសន៍ថា កំណើនស្ថិរភាព នៃការវិនិយោគបានកើតឡើង ខណៈប្រទេសចិនបានបង្កើ​នកិច្ចខិតខំប្រឹងប្រែង ដើម្បីអនុវត្តគោលនយោបាយគាំទ្រកំណើន និងប្រើប្រាស់យ៉ាងពេញលេញ នូវឧបករណ៍ហិរញ្ញវត្ថុ ផ្អែកលើគោលនយោបាយ និងការអភិវឌ្ឍ និងផ្តល់ការគាំទ្រកាន់តែច្រើនដល់សេដ្ឋកិច្ចឯកជន។

គិតចាប់ពីខែមករាដល់ខែវិច្ឆិកា ទំហំនៃការវិនិយោគទ្រព្យសកម្មថេរពីវិស័យឯកជនបានកើនឡើង១,១ភាគរយ ដល់២៨,៤១ពាន់ពាន់លានយ័នធៀបនឹងឆ្នាំមុន។ចំណែក ទំហំនៃការវិនិយោគ ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធបានកើនឡើង៨,៩ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំក្នុងខែមករាដល់ខែវិច្ឆិកា។

ទិន្នន័យដដែលបានបង្ហាញថា ទំហំនៃការវិនិយោគក្នុងឧស្សាហកម្មបច្ចេកវិទ្យាជាន់ខ្ពស់ ក៏ឃើញមានការរីកចម្រើនផងដែរ ក្នុងរយៈពេលដូចគ្នានេះ ដោយក្នុងនោះ ការវិនិយោគលើការផលិតបច្ចេកវិទ្យាជាន់ខ្ពស់ និងសេវាកម្មបច្ចេកវិទ្យាជាន់ខ្ពស់ បានកើនឡើង២៣ភាគរយ និង១៣,២ភាគរយរៀងៗគ្នា។

ប្រទេសចិនបានចាត់ចំណាត់ការ ដើម្បីជំរុញការវិនិយោគនៅឆ្នាំ២០២២នេះ។  ជាឧទាហរណ៍ រដ្ឋបាលក្នុងតំបន់នៅទូទាំងប្រទេស បានពន្លឿនការប្រើប្រាស់សញ្ញាប័ណ្ណ ដែលមានគោលបំណងពិសេស ដើម្បីជំរុញការវិនិយោគ៕

LEAVE A REPLY

Please enter your comment!
Please enter your name here