រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាជំរុញឱ្យវិនិយោគិនអឺរ៉ុបជ្រើសរើសអាស៊ានជាគោលដៅវិនិយោគ

ដោយ: លាងហួរ

ប្រុចស៊ែល: លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានស្នើឱ្យក្រុមពាណិជ្ជករ និងវិនិយោគិនរបស់សហភាពអឺរ៉ុប កំណត់គោលដៅប្រទេសជាសមាជិកអាស៊ាន សម្រាប់ការបណ្តាក់ទុនវិនិយោគរបស់ពួកគេ។

សំណើរបស់លោករដ្ឋមន្ត្រីបានធ្វើឡើង នៅក្នុងកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-សហភាពអឺរ៉ុបលើកទី១០ ដែលសហការរៀបចំដោយក្រុមប្រឹក្សាធុរកិច្ច EU-អាស៊ាន និងក្រុមហ៊ុនធំៗមកពីតំបន់អាស៊ាន និងសហភាពអឺរ៉ុប នៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្សិក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ថ្លែងក្នុងជំនួបនោះ លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា អាស៊ាន និងសហភាពអឺរ៉ុបបានដើរទន្ទឹមគ្នា ដើម្បីសម្រេចបាននូវគោលបំណងសំខាន់នៃការពង្រឹង និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនង រវាងសហគមន៍ទាំងពីរ លើគ្រប់វិស័យ ជាពិសេសជំនួញ និងពាណិជ្ជកម្ម។

លោក​បានបន្ត​ថា “អាស៊ាន និង​សហភាព​អឺរ៉ុប ក៏​ដូច​ជា​ពិភពលោក​ទាំងមូល​បាន​រង​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដោយសារ​ជំងឺ​រាតត្បាត​កូវីដ-១៩ រួមទាំងបញ្ហាប្រឈមជាច្រើនទៀត ដូចជាការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងភាពតានតឹង សង្គ្រាមពាណិជ្ជកម្ម និងការប្រែប្រួលអាកាសធាតុ។ ទោះបីជាយ៉ាងណាក៏ដោយ តាមរយៈកិច្ចខិតខំប្រឹងប្រែង និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងជាមួយប្រទេសជាដៃគូ រួមទាំងសហភាពអឺរ៉ុប តំបន់ទាំងពីរបានយកឈ្នះលើការគំរាមកំហែងជាសកលបន្តិចម្តងៗ និងបានចាប់ផ្តើមដំណើរការស្តារឡើងវិញជាលំដាប់”។

លោក ប៉ាន សូរស័ក្តិ ក៏បានលើកឡើងពីតួនាទីសំខាន់របស់វិស័យឯកជន ដែលជាកម្លាំងចលករក្នុងការជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃយន្តការ ដែលកំណត់ដោយរដ្ឋាភិបាលនៃប្រទេសក្នុងតំបន់ផងដែរ។

លោករដ្ឋមន្ត្រីក៏បានអំពាវនាវដល់ក្រុមពាណិជ្ជករ និងវិនិយោគិនបរទេសទាំងអស់ ជាពិសេសពាណិជ្ជករ និងវិនិយោគិនអឺរ៉ុប ឱ្យជ្រើសរើសអាស៊ានជាគោលដៅវិនិយោគដ៏មានសក្តានុពលរបស់ខ្លួន៕

LEAVE A REPLY

Please enter your comment!
Please enter your name here