ដោយៈ ម៉ាលីនណា
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការ និងដឹកជញ្ជូននិងថ្នាក់ដឹកនាំក្រុមហ៊ុនលី ហួរ គ្រុបបានពិភាក្សាការងារស្តីពី សេវាកម្មធានារ៉ាប់រងគ្រោះថ្នាក់បុគ្គល សម្រាប់អ្នកធ្វើដំណើរតាមរថយន្ត ដែលប្រើប្រាស់ផ្លូវល្បឿនលឿន។
ក្នុងជំនួបកាលពីថ្ងៃទី១៤ ធ្នូកន្លងមកបានដឹកនាំាំដោយលោក ពៅ ម៉ាលី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងលោកឧកញ៉ាលី សុភាព អគ្គនាយករងក្រុមហ៊ុនលី ហួរ គ្រុប។
លោករដ្ឋលេខាធិការ បានគូសបញ្ជាក់ពីសារសំខាន់ នៃការប្រើប្រាស់ការធានារ៉ាប់រង និងបានអំពាវនាវសុំឱ្យបងប្អូនប្រជាពលរដ្ឋ ប្រើប្រាស់សេវាកម្មធានារ៉ាប់រងគ្រោះថ្នាក់បុគ្គល អ្នកដំណើរតាមរថយន្តដែលប្រើប្រាស់ផ្លូវល្បឿនលឿនគ្រប់ៗគ្នា និងបានលើកឡើងផងដែរអំពី កត្តាប្រឈមមួយចំនួនពាក់ព័ន្ធ នឹងការប្រើប្រាស់សេវាកម្មធានារ៉ាប់រងបុគ្គល សម្រាប់អ្នកធ្វើដំណើរតាមរថយន្តដែលប្រើប្រាស់លើផ្លូវល្បឿនលឿន។
ជាមួយគ្នានោះដែរ លោកឧកញ៉ាលី សុភាពអគ្គនាយករងក្រុមហ៊ុន បានស្នើសុំកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន លើសេវាកម្មធានារ៉ាប់រងគ្រោះថ្នាក់បុគ្គល សម្រាប់អ្នកធ្វើដំណើរតាមរថយន្ត ដែលប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ -ក្រុងព្រះសីហនុ និងគម្រោងផ្សេងៗទៀត។
លោករដ្ឋលេខាធិការ បានយល់ព្រមទទួលយកសំណើរបស់ក្រុមហ៊ុនទៅពិនិត្យពិចារណា និងបានណែនាំឱ្យក្រុមហ៊ុន កំណត់ពេលវេលាសមស្រប ដើម្បីសហការរៀបចំសិក្ខាសាលា ជាមួយអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន ទាក់ទងទៅលើវិស័យដឹកជញ្ជូន សំដៅបញ្ជ្រាបការយល់ដឹង អំពីវិស័យដឹកជញ្ជូនផ្លូវគោក និងសារប្រយោជន៍ នៃការប្រើប្រាស់សេវាកម្មធានារ៉ាប់រងបុគ្គល និងសេវាកម្មធានារ៉ាប់រងគ្រោះថ្នាក់ផ្សេងៗដល់សាធារណជនទូទៅ៕